កម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកកីឡាប៉េតង់ពិភពលោក ជាលើក​ដំបូង នៅក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ដែលមន្ត្រីជាន់​ខ្ពស់របស់សហព័ន្ធអន្តរជាតិមួយនេះនឹងមកជួយជ្រោមជ្រែងដល់ការបណ្តុះ បណ្តាលបច្ចេកទេសដល់​មន្ត្រីកម្ពុជា និងផែនការរៀបចំត្រៀមការប្រកួតជើងឯកពិភពលោក។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់កាលពីពេលថ្មី​កន្លង​ទៅ​នេះ​ថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩នេះ គឺជាការលើកមុខលើកមាត់របស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិ​ផ្តល់​សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិត ពិភពលោកជាលើកដំបូងបែបនេះ។ ឯកឧត្តម​បាន​ ចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៅក្នុងកម្រិតពិភពលោកនេះ ហើយក៏ជាឱកាសដ៏ល្អមួយក្នុងការបង្ហាញស្នាដៃរបស់កម្ពុជាអាចធ្វើបាន។ ឯកឧត្តមរដ្ឋលេខាធិការបានអះអាងថា សម្រាប់ការរៀបចំកម្រិតពិភពលោកនេះ គឺកម្ពុជាមានការ​បារម្ភខ្លះដែរ ប៉ុន្តែប្រសិនបើយើងមិនខិតខំជម្នះរាល់ឧបសគ្គ និងចាប់ផ្តើមធ្វើទេវា​នឹងមិនទទួលបាន​លទ្ធផលល្អឡើយ។ ឯកឧត្តមរំពឹងថា ការទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកកីឡាប៉េតង់នេះ​នឹងទទួលបានជោគជ័យ ដែលនឹងមាន បណ្តាប្រទេសជិតខាងមួយចំនួនមកសិក្សាពីកម្ពុជា​លើការ​រៀប​ចំព្រឹត្តិការណ៍អន្តរជាតិបែបនេះ។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទំនាក់ទំនងរបស់ខ្លួន ក៏ដូចជាសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជាជាមួយលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ តាម​រយៈសារអេឡិចត្រូនិកបានឱ្យដឹងថា លោក Claude Azema នឹងអញ្ជើញមកកម្ពុជារយៈពេល ៧ថ្ងៃ​ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងបើកវគ្គបណ្តុះបណ្តាល​អាជ្ញា​កណ្តាលរយៈពេល៤ថ្ងៃ និងរៀបចំកិច្ចប្រជុំត្រៀមការប្រកួតជើងឯកពិភពលោក នៅកម្ពុជា ឆ្នាំ២០១៩។

សូមរម្លឹកថា ការទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងការរៀបចំជើងឯកពិភព​លោករបស់កម្ពុជា ក្នុងឆ្នាំ២០១៩នេះ គឺក្រោយពេលដែលវិស័យកីឡាប៉េតង់កម្ពុជាធ្លាប់ដណ្តើម​បាន​ជ័យលាភីកម្រិតពិភពលោកជាច្រើនសម័យកាល នាពេលកន្លងមក ដូចជាវីរកកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស ៣សម័យកាល កាលពីឆ្នាំ២០១៣ នៅប្រទេសបារំាង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន ហើយឈ្នះ មេដាយមាសពីការប្រកួតប្រទេសខ្លាំងៗអន្តរជាតិ នៅ​ប្រទេសបារំាង។ ក្រៅពីនោះ កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន ក៏ឈ្នះមេដាយមាស​ជើង​ឯកពិភពលោក ឆ្នាំ២០១៦ និងកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ឈ្នះមេដាយមាស ជើងឯកពិភពលោក​ផងដែរ៕

ដោយ ហេង ណាលីន