កីឡាអេឡិចត្រូនិកកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០១៩ ទោះបីម្ចាស់ផ្ទះហ្វីលីពីនមិនទាន់បង្ហាញវិញ្ញាសា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡា​អេឡិច​ត្រូនិកកម្ពុជាបានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេស​ហ្វីលីពីន ក្នុងឆ្នាំ២០១៩នេះ គឺមានប្រភេទកីឡាអេឡិចត្រូនិក (E-Sport) នេះដែរ ប៉ុន្តែរហូត​មកដល់ពេលនេះ ម្ចាស់ផ្ទះហ្វីលីពីន នៅមិនទាន់បានបង្ហាញឱ្យឃើញពីប្រភេទវិញ្ញាសា​ណា​ខ្លះ ដែលខ្លះដាក់ឱ្យប្រកួតនៅឡើយ។

ឯកឧត្តមសហព័ន្ធអះអាងថា ប្រភេទកីឡា E-Sport នេះមានភាពស្មុគស្មាញច្រើន ដោយសារ​វាមានវិញ្ញាសាច្រើន ដែលយើងត្រូវត្រៀមដើម្បីទទួលបាននូវលទ្ធផលល្អយកមកជូនជាតិ​របស់ខ្លួន។ សម្រាប់វិញ្ញាសា MATIC គឺកម្ពុជាធ្លាប់ជោគជ័យច្រើនលើឆាកអន្តរជាតិរួចហើយ ដោយបរទេសដណ្តើមបានជ័យលាភី៣លើក គឺកម្ពុជាដណ្តើមបានជ័យលាភី៣លើកដូចគ្នា។

ឯកឧត្តមបានបន្ដថា “យើងកំពុងពង្រឹងគុណភាពបច្ចេកទេសលើវិញ្ញាសានេះ ក៏ដូចជា​ពង្រឹងលើវិញ្ញាសាផ្សេងទៀត ដើម្បីឱ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ ក៏ដូចជាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះផងដែរ”។

ឯកឧត្តមបញ្ជាក់ថា ដើម្បីត្រៀមខ្លួនស៊ីហ្គេមនេះឱ្យបានល្អប្រសើរ គឺសហព័ន្ធជំនាញមួយនេះ​កំពុងត្រៀមខ្លួនដោយរៀបចំយុទ្ធសាស្ត្រប្រមូលផ្តុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិភ្លាមៗ ឧទាហរណ៍ថា បើគេដាក់វិញ្ញាសា DOTA2 គឺយើងរៀបចំជ្រើសរើសអ្នកលេងពូកែៗ​ថ្នាក់ជាតិ​យើងទៅប្រកួតតែម្តង មិនមែនយកក្រុមក្លិបនោះទេ។ ចំពោះប្រភេទកីឡាផ្សេងៗ ម្ចាស់ផ្ទះ ហ្វីលីពីនបានចេញអស់ហើយ លើកលែងតែប្រភេទកីឡា E-Sport នេះទេ ដែលមិនទាន់​ប្រាប់ឱ្យដឹង ដើម្បីឱ្យកម្ពុជាបានត្រៀមលក្ខណៈឱ្យកាន់តែល្អប្រសើរ និងមានរយៈពេលយូរ​ខែ។ ទន្ទឹមនឹងគេលាក់វិញ្ញាសានេះ គឺថ្នាក់ដឹកនាំសហព័ន្ធកីឡារូបនេះ​ក៏បានត្រៀមលក្ខណៈ​ផងដែរ ដោយហ្វឹកហាត់ត្រៀមលើវិញ្ញាសាមួយចំនួន ពីព្រោះថា E-Sport ត្រូវការភាពឆ្លាតវៃ ក្នុងការសម្រេចចិត្តលឿន។ សហព័ន្ធ E-Sport នឹងប្រមូលផ្តុំហ្វឹកហាត់ត្រៀមពី៣ទៅ៤ក្រុម ដែលក្នុងនោះក្រុមណាដែលមានក្តីរំពឹងខ្ពស់ ក្នុងការឈានទៅដណ្តើមមេដាយបានគឺសហ​ព័ន្ធ​នឹងបញ្ជូនទៅចូលរួមប្រកួត។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍បានស្នើឱ្យយុវជននានាចូលរួមលេងកីឡា E-Sport ចៀស​វាងយកពេលទំនេរទៅប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយសុខចិត្ត​ញៀននឹង E-Sport គឺល្អប្រសើរ ដោយដាច់ខាតកុំញៀននឹងគ្រឿងញៀន និងអំពើអបាយមុខ​ផ្សេងៗ៕

ដោយ ហេង ណាលីន