ប្រាក់បៀវត្សរ៍មន្ត្រីរាជការថ្នាក់ជាតិ និងក្រោមជាតិ ក្នុងឆ្នាំ២០១៩នេះ នឹងត្រូវដំឡើង​ដល់ ប្រមាណ១លាន១សែនរៀល ចាប់ពីខែមេសាតទៅ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ប្រាក់បៀវត្សរ៍មន្ត្រីរាជការទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិឆ្នាំ២០១៩ នឹងត្រូវដំឡើង​ដល់ប្រមាណ១.១០០.០០០រៀល ចាប់ពីខែមេសាខាងមុខតទៅ។ នេះបើតាមគោលនយោ​បាយបៀវត្សរ៍ថ្នាក់ជាតិ និងក្រោមជាតិសម្រាប់ឆ្នាំ២០១៩។ គោលនយោបាយបៀវត្សរ៍ថ្នាក់​ជាតិឆ្នាំ២០១៩ គ្រោងនឹងដំឡើងជូនមន្ត្រីរាជការស៊ីវិលពីប្រមាណ១.០១៤.៤៥០រៀល​ឆ្នាំ ២០១៨ដល់ប្រមាណ១.០៧០.១០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយ ចាប់ពីខែមេសាឡើង ដល់ប្រមាណ១.១០០.១០០រៀល។

គ្រូបង្រៀន និងគ្រូពេទ្យពីប្រមាណ១.១១៤. ៤៥០រៀល ឆ្នាំ២០១៨ ឡើងដល់ប្រមាណ១.១៧០.១០០រៀលនៅខែមករាឆ្នាំ២០១៩។ ចាប់ពីខែមេសា​ឆ្នាំ២០១៩ឡើងដល់ប្រមាណ១.២០០.១០០រៀល។ នគរបាលជាតិពលបាលត្រីពីប្រមាណ១ ០៩៨.៩២៧រៀល ដោយគិតបញ្ចូលរបបអង្ករនៅឆ្នាំ២០១៨ ទៅប្រមាណ១. ១៥៤.៥៧៧រៀល​គិតបញ្ចូលរបបអង្ករនៅខែមករាឆ្នាំ២០១៩។ ចាប់ពីខែមេសាឆ្នាំ២០១៩ឡើងដល់ប្រមាណ១. ១៨៤.៥៧៧រៀល គិតបញ្ចូលរបបអង្ករ។ យោធិនពលទោពីប្រមាណ ៩៧៦. ៥៥០រៀល នៅឆ្នាំ២០១៨ ឡើងដល់ប្រមាណ១.០២៥.៩០០រៀលនៅខែមករាឆ្នាំ២០១៩ មិនគិតបញ្ចូល​របប​អង្ករ ចាប់ពីខែមេសាឆ្នាំ២០១៩ឡើងដល់ប្រមាណ១.០៥៥.៩០០រៀល​មិនគិតបញ្ចូល របប​អង្ករ ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ១.១១៤.៣៧៧រៀល។ សម្រាប់គោល​នយោបាយបៀវត្សរ៍ថ្នាក់ក្រោមជាតិឆ្នាំ២០១៩ គ្រោងដំឡើងប្រាក់ឧបត្ថម្ភប្រធានក្រុមប្រឹក្សា រាជធានី ខេត្តពី១.៣៦០.០០០រៀល ដល់១.៤៤០.០០០រៀល និងសមាជិកពី១.០៨៥.០០០​រៀល ដល់១.១៣៥.០០០រៀល ចាប់ពីខែមេសា២០១៩។ ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ដំឡើងប្រាក់ឧបត្ថម្ភប្រធានពី១.០៧៥.០០០រៀលដល់១.១៥៥.០០០ រៀល​និងសមាជិកឡើង​ពី៨៦០.០០០ ដល់៩១០.០០០រៀល ចាប់ពីខែមេសាឆ្នាំ២០១៩។ ក្រុមប្រឹក្សា ឃុំ សង្កាត់ ដំឡើងពីប្រាក់ឧបត្ថម្ភប្រធានពី១.០៣០.០០០រៀលដល់១.១១០.០០០រៀល ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ ពី៨០០.០០០រៀលដល់៨៥០.០០០រៀល និងសមាជិកពី៧០០. ០០០រៀលដល់៧៤០.០០០រៀល ចាប់ពីខែមេសាឆ្នាំ២០១៩។ មេភូមិ ដំឡើងប្រាក់ឧបត្ថម្ភ​ប្រធានពី២៥០.០០០រៀល ដល់៤០០.០០០រៀល អនុប្រធានភូមិពី២០០.០០០រៀល ដល់​២៨០.០០០រៀល និងសមាជិកពី១៨០.០០០រៀល ដល់២៥០.០០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។

ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩​កាលពី​ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋ​លេខា​ធិការប្រចាំការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើនប្រាក់ខែ​មន្ត្រីរាជការនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យងាកមកធ្វើការងារក្នុងវិស័យសាធារណៈកាន់តែច្រើន។ ឯកឧត្តមបានបន្ថែមថា គោលនយោបាយជាតិ​ក៏បានគិតគូរខ្ពស់លើធនធានមនុស្សជាពិសេសការបង្កើនខ្ទង់ចំណាយកាន់តែច្រើនសម្រាប់ វិស័យអប់រំ ដើម្បីឱ្យស្របនឹងគោលនយោបាយអាទិភាពនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៤ដែលផ្តោតសំខាន់លើធនធានមនុស្សលើសវិស័យណាៗទំាំងអស់៕

ដោយ គង់ សិរីរ័ត្ន