ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ គាំទ្រគ្នាទៅវិញទៅមកលើការពង្រឹង​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យធនាគារ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ បានជួបប្រជុំប្រចាំឆ្នាំ និងបានប្រកាស​គាំទ្រ​គ្នាទៅវិញទៅមកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើវិស័យធនាគារ និង ហិរញ្ញវត្ថុ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំទ្វេភាគីរវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល ឡាវ​នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការជួបជុំប្រចាំឆ្នាំនេះ នឹង ផ្តល់ឱកាសដល់ថ្នាក់ដឹក​នាំ​នៃធនាគារកណ្តាលទាំងពីរក្នុងការផ្លាស់ប្តូរមតិយោបល់ទៅលើ វឌ្ឍនភាពថ្មីៗទាក់ទងនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ព្រមទាំងបញ្ហាប្រឈម នានាផងដែរ។ ឯកឧត្តមលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្ដិការនេះ ក៏ដើម្បី​ស្វែងរក​លទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនាឆ្នាំ២០១៩ និងនាពេលខាងមុខ សំដៅ​អភិវឌ្ឍន៍ វិស័យធនាគារប្រកប ដោយភាពរឹងមាំ និងគាំទ្រដល់ការរីកចម្រើន នៃទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា ការជួបប្រជុំពិភាក្សាគ្នារវាងធនាគារជាតិនៃប្រទេស​ទាំងពីរ គឺពិតជា​មានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងស្ថាប័ននិងប្រជាជនទាំងពីរក្នុងនាមជា​ប្រទេសភូមិផងរបងជាមួយគ្នា។

ឯកឧត្តមទេសាភិបាលបានបន្ដថា ក្រោមកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីនេះ មន្ត្រី ជំនាញ​របស់ធនាគារកណ្តាលទាំងពីរបានបន្តស្មារតីផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ជាក់ ស្ដែងកាល​ពីឆ្នាំ​២០១៨ ក៏ដូចជាឆ្នាំកន្លងទៅ ធនាគារជាតិនៃកម្ពុជាបានទទួលស្វាគមន៍គណៈ ប្រតិភូធនាគារកណ្តាល​ឡាវ មកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា។ ចំណែក ធនាគារ​កណ្តាលឡាវក៏បានទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ចរបស់មន្ត្រីធនាគារជាតិនៃកម្ពុជាផង ដែរ។ ឯកឧត្តមបានអះអាងថា តាមរយៈការ​ធ្វើទស្សនកិច្ចទាំងនេះ មន្ត្រីធនាគារជាតិទាំងពីរ បានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ល្អៗដែល​មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថ ភាពជំនាញ ព្រមទាំងលើកកម្ពស់សាមគ្គីភាព និងភាតរភាព​រវាងមន្ត្រី ក៏ដូចជាស្ថាប័នទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត។

ឯកឧត្តម Sonexay SITPHAXAY ទេសាភិបាលធនាគារកណ្តាលឡាវបានបង្ហាញ អំពី ការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារជាតិប្រទេសទាំងពីរ ដែលនឹង បន្តទទួលបានការរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតនាពេលអនាគត ដែលតាម​រយៈកិច្ច​សហប្រតិបត្តិការធនាគារកណ្តាលទំាងពី​រក៏នឹងបន្តមានភាពជិតស្និទ្ធរឹងមាំ ជារៀងរហូត។ឯកឧត្តមបានលើកឡើងនូវមតិយោបល់ដ៏មានតម្លៃអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិ​ការ​របស់ធនាគារទាំងពីរ លើស្ថាន​ភា​ព​​រីក​ចម្រើន​​នៃ​វិស័យ​សេដ្ឋកិ​ច្ច​​​ និ​ង​ធនា​គា​​រ ក៏ដូច ជា​ទិសដៅការងារដែល​មន្ដ្រីធនាគារជាតិទាំងពីរត្រូវបន្ដកិច្ចសហប្រតិបត្តិការ នា​ពេលអនា គត។

ឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏បាន​សម្តែងការ​កោតសរសើរ​និងអប​អរ សាទរ​​​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋប្រជា​ធិ​ប​​តេ​យ្យប្រជា​មា​និត​ឡាវ ជាពិសេសធនាគារ​កណ្តាល​ឡាវ ដែល​សម្រេចបានការអភិវឌ្ឍវិស័យធនាគារ ប្រកប​​ដោយ​ភាព​រឹងមាំ ក្នុងស្ថាន​ភាពល្អប្រសើរនៃ​ម៉ាក្រូ​សេដ្ឋ​កិច្ច​និងស្ថិរភាពហិរញ្ញវត្ថុ ជាមួយ​និង​ទស្ស​ន​​វិស័យវិជ្ជមាន នៅឆ្នាំ ២០១៩នេះ។ ឯកឧត្តមបានឱ្យដឹងទៀតថា តាមរយៈការផ្លាស់ប្តូរយោបល់របស់ធនាគារជាតិ​ទាំងពីរ​ឃើញថា វិស័យ​ធនាគារ​ក្នុង​ប្រទេស​ទាំងពីរមានបញ្ហាប្រឈមប្រហាក់ប្រហែលគ្នាមួយ ចំនួន​ធំ ជាពិសេសលើការពង្រឹង​សមត្ថភាព​ធនធានមនុស្ស ក្របខ័ណ្ឌបទប្បញ្ញាតិ កំណែ ទម្រង់វិធីសាស្ត្រនៃការត្រួត​ពិនិត្យ ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងប្តូរប្រាក់ដើម្បី គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាកំណើនសេដ្ឋកិច្ច។ ស្ថិតក្នុងបរិការណ៍នេះ ការបន្តផ្លាស់ ប្តូរចំណេះដឹង​និង​បទពិសោធន៍ ជាពិសេសតាមរយៈ​ទស្សន​​កិច្ច ទៅវិញទៅមក នៅតែមាន សារៈសំខាន់ សម្រាប់មន្ត្រីជំនាញរបស់ធនាគារកណ្តាល​ទាំងពីរ។​

ឯកឧត្តមសង្ឃឹម​​​ថា មន្ត្រីធនាគារជាតិទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស នឹងបន្ត​យក​​ស្មារតី​​នៃកិច្ចប្រជុំ​​​នា​ពេល​នេះ ប្រែក្លាយទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់   ដើ​​ម្បីការអភិវឌ្ឍវិស័យ​ធនាគារ​ និងការ​ពូន​ជ្រំ​វប្ប​ធម៌​​សហប្រតិបត្តិការ​ជា​ប្រពៃណីល្អប្រសើរ​ ឱ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត៕

ដោយ អ៊ុន រិទ្ធី