ឯកអគ្គរដ្ឋទូត និងកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបធ្វើសវនា ការជាមួយ ឯកឧត្តម អូ ណាក់ខ្យង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក ផាក សឹងឃ្យូ ប្រធានការិយាល័យកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាបដើម្បី  ពិភាក្សាការងារ កាលពីថ្ងៃ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩  នៅសាលាខេត្តសៀមរាប។

ឯកឧត្តម អូ ណាក់ខ្យង បានលើកឡើងពីគោល បំណងរបស់ខ្លួនដោយផ្តោតសំខាន់ លើកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ហើយជាពិសេស រវាងខេត្ត ក្រុង នៃសាធារណរដ្ឋកូរ៉េ និងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុងស៊ូវ៉ុន និងខេត្តសៀមរាប លើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងការងារកសិកម្ម។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានផ្តោតសំខាន់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជា ខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ និងរមណីយដ្ឋានធម៌ជាតិ ដែលបានកំពុង ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរនៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។ ឯកឧត្តម អូ ណាក់ខ្យង ក៏បានសុំឱ្យអាជ្ញាធរខេត្ត ជួយជំរុញអំពីគម្រោងផ្លូវវាងក្រុង ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ឱ្យខេត្តសៀមរាប ដើមី្បឱ្យឆាប់បានបើកការដ្ឋានស្ថាបនា សាងសង់នៅពេលឆាប់ៗផងដែរ។

បន្ថែមលើពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានលើកឡើងអំពីគម្រោងស្មាតស៊ីតធី ដែលបានដំណើរការលើ៣រាជធានី ខេត្ត រួមមានក្រុងភ្នំពេញ សៀមរាប និងខេត្តបាត់ដំបង ដោយបានបំពាក់ភ្លើងបំភ្លឺប្រភេទ LDP ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងមាន មានចំណាប់អារម្មណ៍ផងដែរ អំពីបញ្ហាគ្រប់គ្រងសំរាមក្នុងក្រុងសៀមរាប ដែលជាតំបន់ ទេសចរណ៍ដែលសម្រាមជាកាកសំណល់ធ្វើឱ្យប៉ះពាល់ បំពុលបរិស្ថានយ៉ាងខ្លាំង ដល់ក្រុងទេសចរណ៍ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅផងដែរ។

មានប្រសាសន៍ឆ្លើយតបនាឱកាសនោះ ឯកឧត្តម ទៀ សីហា ក៏បានលើក ឡើងពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋកូរ៉េ និងខេត្តសៀមរាប លើវិស័យអប់រំ ការផ្តល់អាហារូបករណ៍ និងវិស័យសុខាភិបាល ដោយបាន បញ្ជូនគ្រូពេទ្យស្ម័ត្រចិត្តមកព្យាបាលជំងឺជូន ប្រជាជនដោយឥតគិតថ្លៃ ព្រមទាំងបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចសិក្សា ពីគ្នាទៅវិញទៅមកផងដែរ។ ទន្ទឹមនឹងនោះដែរឯកឧត្តមក៏បានសម្តែងនូវ ការសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់និសិ្សតកូរ៉េ ដោយសារបញ្ហាពុល ចំណីអាហារនៅរាជធានីភ្នំពេញ។

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា ករណីលើបញ្ហាអនាម័យសុខភាពចំណីអា ហារ ត្រូវបានក្រសួងពាណិជ្ជកម្មក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ក្នុងការ ចុះត្រួតពិនិត្យលើចំណីអាហារនៅតាមទីផ្សារ និងហាងទំនើបក្នុងខេត្ត។ ចំពោះបញ្ហាសុខភាពចំណីអាហារនេះ មិនមែនតែចោទបញ្ហាចំពោះភ្ញៀវទេសចរ កូរ៉េតែប៉ុណ្ណោះទេ គឺវាប៉ះពាល់ដល់ប្រជាជននិងភ្ញៀវទេសចរដទៃទៀត ប្រសិនបើអាជ្ញាធរយើងមិនបានយកចិត្តទុកដាក់ទេនោះ។  បញ្ហាសំរាមនេះក៏ខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយមានក្រុមហ៊ុនប្រមូលសម្រាម តែខេត្តនៅពុំទាន់មានក្រុមហ៊ុនកែច្នៃសម្រាម ដើមី្បទាញផលប្រយោជន៍ពីសម្រាម យកទៅប្រើប្រាស់។ ម៉្យាងទៀតរាល់ចំណុចសំខាន់ៗដែលអគ្គរដ្ឋទូតបានផ្តល់ជូន គឺជាប្រទីបឆ្លុះបញ្ចាំង ធ្វើឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំតទៅអនាគត៕

ដោយ ហង្ស សៀក