ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី៖ ការតភ្ជាប់គ្នារវាងវប្បធម៌ ពិតជាមានសារៈសំខាន់ខ្លាំងក្នុង ការពង្រឹងសុខដុមរមនាខាងសាសនា

AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) បានអះអាងថា ការតភ្ជាប់គ្នារវាងវប្បធម៌ ពិតជាមាន សារៈ​សំខាន់ខ្លាំង ក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងសហគមន៍ ពិសេសការបង្កើតនូវ សិល្បៈកម្មថី្មៗ តាមរយៈទំនាក់ទំនងអន្តរវប្បធម៌ និងការពង្រឹងសុខដុមរមនាខាងសាសនា ដែលជាចំណុចសំខាន់មួយទៀតនៃវប្បធម៍ ។ ថ្លែងក្នុងពិធីប្រកាសបើកជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ប្រធានក្រុមប្រឹក្សា វប្បធម៌អាស៊ី(ACC) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃបណ្តា គណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP និងជាសហប្រធាននៃវេទិកានយោបាយ អាស៊ី-អឺរ៉ុប (AEPF)ផងនោះ បានបញ្ជាក់ថា ជម្លោះនាពេលបច្ចុប្បន្ន ដូចជា ជម្លោះនៅ មជ្ឈឹមបូព៌ា ប្រទេសមីយ៉ាន់ម៉ា និងតំបន់ផ្សេងៗទៀតនៅទ្វីបអាស៊ី គឺមួយផ្នែកបណ្តាលមកពី​ហេតុផលសាសនា។

លោកជំទាវបានគូសបញ្ជាក់ថា “សុខដុមរមនាខាងសាសនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ សន្តិភាព វឌ្ឍនភាពនិងវិបុលភាពនៅក្នុងទ្វីបអាស៊ីមួយដែលមានពហុសាសនា”។ លោកជំទាវ បន្តថា ACCបានឱ្យតម្លៃខ្ពស់លើការលើកកម្ពស់កិច្ចប្រឹងប្រែងពង្រឹងការសន្ទនាអន្តរជំនឿ ការ បង្កើតនូវចំនុចប្រសព្វ និងបណ្តុះឱ្យមានការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ក្នុង ចំណោមជំនឿផ្សេងៗគ្នា។ ជាមួយគ្នានេះ ការផ្ទេរវប្បធម៌ដល់មនុស្សជំនាន់ក្រោយ ក៏ជាកត្តា ចាំបាច់សម្រាប់ការវិវត្តរបស់មនុស្សជាតិ។

លោកជំទាវ សង្ឃឹមថា ACC នឹងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ និងការប្រើប្រាស់វិទ្យាសាស្ត្រ ការច្នៃប្រឌិត និងបញ្ញាសិប្បនិម្មិត នៅក្នុងការអប់រំ និងផ្សព្វផ្សាយវប្បធម៌ រួមគ្នាជាមួយការ ថែរក្សានូវបេតិកភណ្ឌវប្បធម៌។ លោកជំទាវបានបន្ថែមថា “ការកសាងសាមគ្គីភាព ក្នុងភាព សម្បូរបែប គឺមានសារៈសំខាន់បំផុតចំពោះសន្តិភាពនិងការអភិវឌ្ឍ ខណៈទ្វីបអាស៊ី គឺជាទី កន្លែងដែលមានវប្បធម៌ និងប្រពៃណីខុសៗគ្នា ការលើកកម្ពស់ការយល់ដឹងអន្តរវប្បធម៌ និង ការអត់ឱនឱ្យគ្នាទៅវិញទៅមក គឺជាកត្តាចាំបាច់បំផុតសម្រាប់សាមគ្គីភាព ការរួមរស់ដោយ សន្តិភាព និងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ”។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់​ប្រទេសកម្ពុជា ចិន  នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូជាប្រវត្តិសាស្ត្រ សម្រាប់ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការចូលរួមលើកកម្ពស់ការ តភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជន ក្នុងគ្រោះមហន្តរាយ  និងការតភ្ជាប់ទំនងទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម៕

ដោយ ឃុត សៅ