ឯកឧត្ដម អូស្មាន ហាស្សាន់ ស្នើឱ្យអនុប្រធានសភាម៉ាឡេស៊ី បន្ដជួយដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្មមនុស្សធម៌លើគ្រប់វិស័យ

AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើឱ្យអនុប្រធានសភាម៉ាឡេស៊ី បន្ដជួយ ដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្មមនុស្សធម៌លើគ្រប់វិស័យ។ ឯកឧត្ដមបានស្នើ សុំ បែបនេះ ខណៈដែលឯកឧត្ដមទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Haji Mohd.Rashid Bin Hasnon អនុប្រធានរដ្ឋសភាម៉ាឡេស៊ី កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាស នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ី ហ្វិក (APPF) និងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅឯសណ្ឋាគារសុខាអង្គរសៀមរាប។


ថ្លែងទៅកាន់អនុប្រធានរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់ភាគីម៉ាឡេស៊ី ដែលជាភាគីដៃគូជាមិត្តជិតស្និទ្ធរបស់កម្ពុជា តែងតែដើរនាំមុខគេ ក្នុងការជួយជ្រោមជ្រែង ដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្ម មនុស្សធម៌លើគ្រប់វិស័យ ដែលសកម្មភាពនេះ ឯកឧត្ដមបានចាត់ទុកថា ម៉ាឡេស៊ីគឺជាដៃគូដើរលំដាប់លេខមួយ បើប្រៀបធៀបនឹង បណ្តាប្រទេសផ្សេងៗ ដែលកំពុង ចូលរួមអភិវឌ្ឍន៍ លើកកម្ពស់លើគ្រប់វិស័យ ជូនដល់សហគមន៍ខ្មែរឥស្លាម។

ឯកឧត្តម Dato’ Haji Mohd.Rashid Bin Hasnon អនុប្រធានសភា ម៉ាឡេស៊ី បានថ្លែង នូវការកោតសរសើរដល់ការដឹកនាំដ៏ល្អរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការប្រែក្លាយកម្ពុជាទៅជា ប្រទេស ដែលមានការរីកចម្រើនលើគ្រប់វិស័យ ស្ទើរតែមិនអាចជឿពីភាពជឿនលឿន គ្រប់បែបយ៉ាង មកដល់បច្ចុប្បន្ន នេះជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិជាប្រទេស គំរូ ដែលរក្សាបាននូវសុខសន្តិភាព និងសុខដុមបនីយកម្ម៕

ដោយ សួស សំរិត