ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ របស់ប្រទេសបារាំង ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ

AKP កំពង់ចាម ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសាលសាឡុងសាលាខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន អនុញ្ញាតឱ្យលោកស្រី Verlinden mare ប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ប្រទេសបារាំង ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ ក្នុងការជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។

ថ្លែងក្នុងកិច្ចជួបពិភក្សាការងារលោកស្រី Verlinden mare ប្រធានសមាគមន៍ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងបានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសបារាំង បានដឹកនាំគ្រូពេទ្យតាមឯកទេស និងនាំថ្នាំពេទ្យប្រមាណ២តោនកន្លះ គិតជាទឹកប្រាក់ប្រមាណជាជាង ៤ម៉ឺនអឺរ៉ូ ដើម្បីយកមកព្យាបាលប្រជាពលរដ្ឋចំនួន ៥ស្រុក នៅក្នុងខេត្តកំពង់ចាមមានស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកោះសូទិន និងស្រុកកំពង់សៀមក្នុងរយៈពេល១០ថ្ងៃ។

លោកស្រី បានលើកឡើងថា ការចុះមកព្យាបាលប្រជាពលរដ្ឋ ធ្វើឡើងដោយចេញ ពីទឹកចិត្តមនុស្សធម៌គោរពស្រលាញ់ និងចង់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ នៅតាមមូលដ្ឋានតែម្ដង។ ក្នុងពេលខាងមុខក៏មានក្រុមគ្រូពេទ្យនឹងមក ពីប្រទេសបារាំងនិងក្រុមគ្រូពេទ្យកម្ពុជា ដើម្បីចូលរួមជួយបំពេញបេសកកម្មនេះ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការ ស្វាគមន៍យ៉ាងរាក់ទាក់ និងសហការដោយរីករាយក្នុងដំណើរការបេសកកម្មមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលនឹងនាំថ្នាំពេទ្យ ក៏ដូចជាសម្ភារផ្សេងៗ មកព្យាបាល ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមនេះ។ នេះជាការចូលរួមប្រកបដោយគុណធម៌ជា មួយរាជរដ្ឋាភិបាលអំពីសុខភាពជូនប្រជាពលរដ្ឋយើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសបារាំង និងសូមជូនពរដល់បេសកកម្មនេះប្រកបដោយជោគជ័យ៕

ដោយលោក ឆាយ ម៉ុត