KMH Champions League និង KMH Cup U18 ចាប់ផ្តើមដំណើរការស្វែងរកជើងឯក ក្នុងពិធីបើកព្រមៗគ្នា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — ព្រឹត្តិការណ៍កីឡាបាល់ទាត់ KMH Champions League និង KMH Cup U18 រដូវកាលថ្មី ២០១៩បានប្រារព្ធពិធីបើកព្រមគ្នា កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅទីលាន KMH Park ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក កាំង សេន ស្ថាបនិក KMH Champions League និងKMH Cup U18 បានឱ្យដឹងថា សម្រាប់ការប្រកួត KMH Champions League មិនខុសពីរដូវកាលមុនៗដែរ ដោយមានក្រុម​ចូលរួមប្រជែងជើងឯក ចំនួន៣២ក្រុម ខណៈពានរង្វាន់ KMH Cup U18 ទាក់ទាញបាន​ក្រុមថ្មីៗចំនួន៥បន្ថែម ដែលជាក្រុមថ្នាល យុវជននៃក្លិបកំពូលៗក្នុងក្របខ័ណ្ឌ​លីគកំពូល​កម្ពុជ។
ការប្រកួតពានរង្វាន់យុវជន KMH Cup U18 មានក្រុមថ្មីៗចូលរួមស្ទើរតែទាំងស្រុង ដោយមានតែ KMH Academy U18 និងក្រុមការពារតំណែងជើងឯកយុវជន​ព្រះខ័នរាជ​ស្វាយរៀង ជាពិសេសគឺមានការចូលរួមពីក្រុមរបស់ក្លិបអាជីពដល់ទៅផ្សេងៗទៀត គឺវិសាខា U17, ភ្នំពេញក្រោន U17, បឹងកេង U17 និងក្រុមអគ្គិសនី កម្ពុជា។

លោក កាំង សេន បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់ទាំងពីរកម្រិតនេះ​ នឹងរួម​ចំណែកក្នុងការកសាងធនធានកីឡាករថ្នាលយុវជន និងកីឡាករពាក់កណ្ដាលអាជីពឈាន ទៅកាន់កម្រិតអាជីពសម្រាប់ជាតិ នាថ្ងៃអនាគត។ លោកពិតជារីករាយ ដែល KMH Cup U18 មានក្រុមយុវជនមកពីក្លិបអាជីពចូលរួមកាន់តែច្រើន។

សូមបញ្ជាក់ថា ម្ចាស់ជើងឯក KMH Champions League នឹងទទួលបានប្រាក់​រង្វាន់​ដែលត្រូវបានបង្កើនឡើងរហូតដល់ ១៤.០០០ដុល្លារ និងជើងឯកពានរង្វាន់ KMH Cup U18 នឹងទទួលបាន៥.០០០ដុល្លារ៕

ដោយ ហេង ណាលីន