នាវាទេសចរណ៍ SEA BOURN OVATION នាំភ្ញៀវទេសចរបរទេសមកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមករា​​ ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ SEA BOURN OVATION បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរ ណ៍ SEA BOURN OVATION សញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២១០.៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ១.០០០នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង៦ និង ៥០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៨យប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SEA BOURN OVATION  មានចំនួនជិត ១.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ៥០៨នាក់ ស្រី ២៥១នាក់ មាន ២៣សញ្ជាតិ និងមាន​នាវិកចំនួន ៤២៥នាក់ ស្រី ១១៩នាក់ មាន ៥២សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SEA BOURN OVATION  ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ២០៨នាក់ British ១០៤នាក់ ។ ភ្ញៀវទេសចរបានធ្វើដំណើរទស្សនានៅតាមតំបន់រមណីយ    ដ្ឋាននានាក្នុងខេត្តព្រះសីហនុ តំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ទីប្រជុំផ្សារ និងតាមតំបន់ឆ្នេរ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា  SEA BOURN OVATION ចំនួន ២នាក់ បានបន្តដំណើរទៅកម្សាន្តអង្គរ ខេត្តសៀនរាប និងភ្ញៀវទេសចរមកពីខេត្តសៀមរៀបចំនួន ៦៥នាក់ ស្រី ៣៣នាក់ មាន ៥សញ្ជាតិ ចេញតាមនាវា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុទៅកាន់ប្រទេសថៃ ៕

ដោយ ងូ សុមុនី