នាវាទេសចរ COSTA FORTUNA  នាំភ្ញៀវទេសចរជាង ៣.០០០នាក់ មកធ្វើទស្សនកិច្ចនៅ កម្ពុជា តាមច្រកកំពង់ផែសមុទ្រខេត្ដព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ —  មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ៨កើត  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ COSTA FORTUNA   បាននាំភ្ញៀវ​ទេស​ច​រ​បរទេសចម្រុះជាតិសាសន៍ជាង៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុង​ព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃ​នៅព្រះរាជាណាចក្រ​កម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសសិង្ហបុរី ។ នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY បណ្តោយប្រវែង ២៧៤.១៥ម៉ែត្រ ទទឹង៣៥.៥០ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស​ចម្រុះជាតិសាសន៍ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលា​​ម៉ោង ៨ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩។ នាវានេះ ក៏មានគម្រោងចាកចេញពីកំពង់ផែ​អន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី នៅវេលាម៉ោង ២០ យប់ថ្ងៃដដែល ។បើតាមការបញ្ជាក់របស់មន្រ្ដីប៉ុស្ដិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានលើកឡើងថា ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា COSTA FORTUNA  មានជាង ៣.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ២.៤០៤នាក់ ស្រី ១.២៧៦នាក់ មាន ៦៣សញ្ជាតិ និងមាន​នាវិកសរុបចំនួន៩៨០នាក់ ស្រី ១៤៦នាក់ មាន ៣៧សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរ​ដែល​ធ្វើដំណើរតាមនាវាដែលមានសញ្ជាតិច្រើនជាងគេ គឺបារាំង ចំនួន៦៥៨នាក់ ក្រៅពីនោះ​គឺមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ 

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ តាមទីប្រជុំជនផ្សារ ក្នុងក្រុងព្រះសីហនុ និងតាមតំបន់នេសាទ (ទំនប់ រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ដោយឡែកចំពោះ ភ្ញៀវទេសចរដែលធ្វើ​ដំណើរ​តាមនាវា COSTA FORTUNA ចំនួន១៤នាក់ ស្រី៦នាក់ មាន ៦សញ្ជាតិ បន្តដំណើរទៅ​ទស្សនា​អង្គរខេត្តសៀមរាប និងភ្ញៀវទេសចរមកពីខេត្តសៀមរាបចំនួន១៤នាក់ ស្រី ១០នាក់ មាន ២សញ្ជាតិ បានធ្វើដំណើរតាមនាវាចេញតាមច្រកកំពង់ផែសមុទ្រក្រុងព្រះស៊ីហនុ ទៅ​កាន់​ប្រទេសសិង្ហបុរី ៕

ដោយ ងូ សុមុនី