រដ្ឋបាលខេត្ដព្រះសីហនុ រៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩- ០៧ មករា ២០១៩)

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធមិទ្ទីងអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ (០៧.មករា ១៩៧៩ – ០៧. មករា ២០១៩) នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  កាលពីព្រឹកថ្ងៃអាទិត្យ ៨កើត  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈ​អភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា  ៧ មករា គឺជាថ្ងៃប្រវត្តិ​សាស្រ្ត​ចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប ថ្ងៃ៧ មករា រំដោះទឹកដី និងរំដោះប្រជា​ជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់ ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក បានផ្លាស់ប្ដូរ មិននឹកស្មានដល់កម្ពុជា​បានបោះជំហានទៅមុខ​យ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ ក្នុងសន្ទរកថាសម្ដេចតេជោបានបន្ដទៀតថា ជ័យ​ជម្នះ ៧ មករា បានសង្គ្រោះទាន់ពេលវេលា​នូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឱ្យរាល់តម្លៃ ខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរត្រូវបានកសាងពូនជ្រុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ​របស់ខ្លួន។ ទន្ទឹមនេះ ៧ មករា បានបើកនូវទំព័រសករាជថ្មី គឺសករាជ នៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សង្គម ជូនដល់ប្រជាជាតិដ៏កំសត់ ដែលប្រជាជនកម្ពុជាទទួល​បាននូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។

ឯកឧត្តមបានលើកឡើងបន្ដទៀតថា ៧ មករា មិនត្រឹមតែសង្គ្រោះយើងទាំងអស់​គ្នា​ឱ្យរួច​ផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ។ 

ឯកឧត្តមអភិបាលខេត្ដក៏បានបន្ថែមថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើង បើគ្មានជ័យជម្នះ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។ ដោយអនុវត្តន៍​នូវនយោ​បាយ​ឈ្នះ ឈ្នះ បានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅឆ្នាំ១៩៩៨ នេះគឺជាសន្តិភាព ដែលកម្ពុជា​សម្រេចបានដោយខ្លួនឯង ដោយគ្មានការបង្ហូរឈាម គ្មានប្រើអាវុធមួយគ្រាប់ ។ លើសពីនេះ ទៀត សន្តិភាព និងស្ថិរភាពនយោបាយបានបង្កើតឱកាសមាសដែលពុំធ្លាប់មានដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ​ក្នុង​រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត​លំដាប់លេខ៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់នៃវិស័យឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ជាក់ស្ដែងផលិតផល​ក្នុងស្រុកសរុបកើនប្រមាណ៣.៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ  ២៤.៦០៥​លានដុល្លារ នៅឆ្នាំ២០១៨ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវ  នាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមអនុវត្តន៍នូវ គោល​នយោ​បាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងល្បែងស៊ី​សងគ្រប់ប្រភេទនៅ ក្នុងមូលដ្ឋាន ដើម្បីធានាសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋ៕

ដោយ ងូ សុមុនី