សម្ដេចតេជោប្រាប់អតីតនាយករដ្ឋមន្ត្រីអៀកឡង់ថា សហគមន៍អឺរ៉ុបមិនគួរប្រព្រឹត្តកំហុស ជាលើកទី៣ដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែ​ង​ប្រា​ប់​ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ អៀកឡង់ថា សហគមន៍អឺរ៉ុបមិន​គួរសាងកំហុសទី៣  ដោ​យការប្រើប្រាស់ EBA (ប្រព័ន្ធអនុគ្រោះពន្ធ) មកគំរាមកំហែងដាក់ទណ្ឌកម្មដល់កម្ពុជា ដ​ក​ EBA ពីកម្ពុជា ដោយយកប្រជាជនកម្ពុជាជាង១៦លាននាក់ ជាចំណាប់ខ្មាំងនូវអ្វីដែលហៅ​ថា​ EBA នោះទេ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះ​ប្រាប់អ្នក​យកព័ត៌   ​មា​ន​ បន្ទាប់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ កម្ពុ​ជា​ បានអនុញ្ញាតឱ្យ ឯកឧត្ដម Enda Patrick Keny សមាជិកសភា និងជាអតីតនាយករដ្ឋ មន្ត្រី​នៃ​សាធារណរដ្ឋអៀកឡង់ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ នៅ​វិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះ​រាជាណា​ច​ក្រ​កម្ពុជា។

ឯកឧត្ដម Enda Patrick Keny បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹង ថា ដំ​ណើរ​ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺឆ្លើយតប​ទៅ​នឹ​ង​​ការអញ្ជើញរបស់វិជ្ជបណ្ឌិត ហាន់ដា ដែលបានអញ្ជើញឯកឧត្ដម ​មកចូល​រួមក្នុង​គម្រោង​ពាក់​ព័ន្ធនិងវិស័យអប់រំ និងវិស័យដទៃទៀត។ ឯកឧត្ដមក៏បានគោរពស្នើសុំសម្ដេច​តេជោ​​នាយ​ក​រដ្ឋមន្ត្រី ឈ្វេងយល់អំពីទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង​ជ្រា​ល​ជ្រៅជាទីបំផុត ដែលឯកឧត្ដម Enda បានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ចូល​រួម ​ជាមួយគម្រោងរបស់ឯកឧត្ដមវិជ្ជបណ្ឌិត ហាន់ដា ពាក់ព័ន្ធជាមួយនិងវិស័យអប់រំដែ​ល ​​ជាវិស័យអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ​ដ​ល់​​ឯកឧត្ដមវិជ្ជបណ្ឌិត ហាន់ដា ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំ ជា​ពិសេស​បាន​ផ្ដ​ល់​នូវ​អាហារូបករណ៍យ៉ាងច្រើនដល់និស្សិតកម្ពុជា បានទៅសិក្សានៅសាកលវិទ្យាល័យកម្ពុជា​ ហើយក៏បានថ្លែងអំណរគុណផងដែរចំពោះគម្រោងដទៃទៀត ដែលឯកឧត្ដម ឯកឧត្ដម​វិជ្ជ     ប​ណ្ឌិ​ត ហាន់ដា មានជាបន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏​បានថ្លែងអំណរ​គុណ​ផង​ដែរ​ចំពោះ​សាធារណរដ្ឋអៀកឡង់ ដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជា​ពិសេសការ ផ្ដល់​ជំ​នួ​​យសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់​ក​ម្ពុ​ជា និងសហគមន៍អឺរ៉ុប សម្ដេចតេជោបានជម្រាជូននូវប្រវត្តិ​របស់កម្ពុជាដោយសង្ខេបដល់ឯ​ក​ឧត្ដម Enda ហើយក៏បានជម្រាបជូន ឯកឧត្ដមផងដែរថា សហគមន៍អឺរ៉ុបមិនគួរ​ប្រ​ព្រឹ​ត្ត​កំហុសជាលើកទី៣ដល់កម្ពុជានោះ​ទេ ដែលកំហុសទី ១ គឺការ​គាំទ្រការផ្ដួលរំលំព្រះ​ករុ​ណា​​ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ដែលជារដ្ឋាភិបាលស្រប​ច្បាប់មួយ កំហុសទី២ នោះ​គឺ​ការគាំទ្ររបបខ្មែរក្រហមនៅអង្គការសហប្រជាជាតិ​អស់រយៈ​ពេលជាង១២ឆ្នាំ នៅពេល​ដែ​ល​​ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាអស់រាប់លាននាក់។ ចំពោះកំហុសទី៣ គឺការប្រើប្រាស់ EBA មកគំរាមកំហែងដាក់ទណ្ឌកម្មដល់កម្ពុជា ដក EBA ពីកម្ពុជា ដោយយកប្រជា​ជន​កម្ពុ​ជា​ ជាង១៦លាននាក់ជាចំណាប់ខ្មាំងនូវអ្វីដែលហៅថា EBA នោះ៕

ដោយ ជឹម ណារី