មន្រ្ដីបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់សាច់ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម

AKP មណ្ឌលគិរី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ -មន្រ្តីអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសសត្វព្រៃចល័ត របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាន ចាប់សាច់ជ្រូកព្រៃស្រស់ទម្ងន់ជាង១០០គីឡូក្រាមនៅត្រង់ចំណុចផ្លូវជាតិលេខ៧៦ ស្ថិតក្នុង ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។ កិច្ចប្រតិ បត្តិការនេះ ធ្វើឡើង កាលពីនៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយរបស់មន្ទីរបរិ ស្ថានខេត្ដមណ្ឌលគិរី។

ក្នុងប្រតិបត្តិការ នេះ មានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយឃាត់បាន រថយន្តចំនួន១គ្រឿង ម៉ាក កូរ៉ូឡា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2B-6865 បានផ្ទុកសាច់ព្រៃស្រស់ទម្ងន់ជាង១០០ គីឡូក្រាម និងចាប់ឃាត់បានមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃនេះ។

ដោយឡែកវត្ថុតាងរថយន្ត និងជនសង្ស័យត្រូវបាននាំយកទៅកាន់មន្ទីរបរិស្ថាន ខេត្ត មណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកសាច់ជ្រូកព្រៃស្រស់ ទម្ងន់ជាង១០០គីឡូក្រាមត្រូវបានដុតកម្ទេចចោលនៅស្នាក់ការអង្គការ WWF ប្រចាំខេត្ត មណ្ឌលគិរី៕

ដោយ ណយ នឿន (ប្រភព៖មន្ទីរបរិស្ថានខេត្ត)