ព្រឹទ្ធសភានឹងឱ្យយោបល់អនុម័តលើសេចក្ដីស្នើច្បាប់ចំនួនពីរ នៅថ្ងៃទី១១ ខែមករា ស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ព្រឹទ្ធសភានឹងពិនិត្យឱ្យយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និង សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធន កម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ បន្ទាប់ពីរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ។

ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះថា ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីកសាង ធនធានមនុស្សពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិជាពិសេសអភិវឌ្ឍន៍មូលដ្ឋាន។ ម៉្យាងវិញ ទៀតការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្រប់ទៅនឹងច្បាប់ បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ និងច្បាប់ពាក់ព័ន្ធទៅនឹងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និង សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ៣ ខែមករា ដោយសំឡេង១០៨ លើ១០៨សំឡេង។ សេចក្ដីស្នើច្បាប់នេះ ធ្វើឱ្យបានមុនការបោះជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាលថ្មីនៅអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕

ដោយ ប៉ាល់ សុង