​​រដ្ឋមន្រ្ដីក្រសួងការងារ លើកឡើងថា កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅប្រទេស ជប៉ុនប្រមាណជិត១ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើង រហូតមកដល់ពេលនេះ កម្ពុជា បានបញ្ជូនពលករកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន មានចំនួន ប្រមាណជិត ១០.០០០នាក់។ក្នុងជំនួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធាន គណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុន​បើកជាបន្ត បន្ទាប់ ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ស្របពេល ដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។

ឯកឧត្ដមបានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺជាក្រុម ហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្ម ដែលបានគ្រប់គ្រងបុគ្គលិកប្រមាណ​២ម៉ឺននាក់ នៅប្រទេសជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារកំពុងរៀបចំឱ្យមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ជប៉ុន សម្រាប់អនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។ ជាមួយគ្នានេះ ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពល​កម្មពី​ប្រទេសផ្សេងៗ និងសម្រាប់អនុវត្តន៍នូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះ ស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ ជប៉ុនបាននិងកំពុង​រៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេស បញ្ជូន ទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញ បច្ចេកទេស ទៅប្រទេសជប៉ុន។ឯកឧត្តមបានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជា​មួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិ ការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជន កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមជាដៃគូរបស់ប្រទេសជប៉ុនដែលបញ្ជូនពលករទៅ ធ្វើការនៅទីនោះ គឺមានចំនួន១៥ប្រទេស ហើយក្នុងការបញ្ជូន ចាប់ពីលេខ១ រហូតដល់១៥ គឺកម្ពុជាឈរលើលេខរៀងទី៧៕

ដោយ ប៊ុនរិទ្ធ