ឯកឧត្ដម ងួន ញ៉ិល អញ្ជើញជាអធិបតី ពិធីមិទ្ទីងរម្លឹកខួបលើកទី៤០ឆ្នាំនៃទិវាជ័យជម្នះ ៧មករា

AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល  អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ភាពក្នុងពិធីមិទ្ទីងរម្លឹកខួបទី៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា ឯកឧត្តមបណ្ឌិត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហម កាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៦១០០នាក់។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍សំណេះ សំណាលក្នុងអង្គពិធីនោះបន្ទាប់ពី ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ ឡើងអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីងរម្លឹកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ជូននូវ ខ្លឹមសារៈសំខាន់ៗ តាមរយៈសុន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយើងពិតជាបានក្រេបយកនូវខ្លឹមសារ អំពីបទពិសោធន៍ វីរៈភាពរបស់ថ្នាក់ដឹកនាំ ក៏ដូចជារូប សម្តេចតេជោ ផ្ទាល់ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ។

ការប្រារព្ធពិធីដ៏អធិកអធមក្នុងថ្ងៃនេះ គឺដើម្បីបញ្ជ្រាបដល់មហាជន ប្រជាជន ពិសេសក្នុងស្រទាប់យុវជន អំពីអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រ នៃថ្ងៃជ័យជម្នះ ៧មករា, អំពីគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, អំពីសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងការប្តេជ្ញាចិត្តរបស់យើងលើមូលដ្ឋានជ័យជម្នះ ៧មករា និងនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ គឺយើងត្រូវការពាររាល់អ្វីៗទាំងអស់ ដែលយើងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះ។

ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បកស្រាយជូនអង្គពិធី ដែលប្រទេសកម្ពុជាបាន ឆ្លងកាត់នូវការប្រែប្រួលនយោបាយ-សង្គម ចាប់ពីទស្សវត្សរ៍១៩៦០ រហូតមកដល់ បច្ចុប្បន្ន៕

ដោយ ស៊ុម វណ្ណា