ក្រុមក្រសួងវប្បធម៌ ឈ្នះក្រសួងសាធារណការ ១-០ វគ្គសន្សំពិន្ទុពូលB ពានរង្វាន់អន្តរក្រសួងស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ក្រុមយុវជនក្រសួងវប្បធម៌ និងវិចិត្រសិល្បះ រកបាន៣ពិន្ទុ បន្ថែមពីក្រុមយុវជនក្រសួង សាធារណការ និងដឹកជញ្ជូន ដោយលទ្ធផលបច្ចេកទេស ១ទល់០ នៅក្នុងការប្រកួតសន្សំ ពិន្ទុក្នុងពូលB កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅទីលាន Premium Sport Club នៃព្រឹត្តិ ការណ៍កីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពអន្តរក្រសួង ស្ថាប័ន រដូវកាល ២០១៨-២០១៩។១គ្រាប់ជ័យជម្នះរបស់ក្រុមវប្បធម៌ និងវិចិត្រសិល្បៈធ្វើសម្រេចបានដោយកីឡាករ ញឹក ស៊ីយ៉ុន នៅនាទីទី៦៥ ខណៈក្រុមម្ចាស់ជើងឯករង រដូវកាលមុន ក្រសួងសាធារណការ និងដឹកជញ្ជូនមានឱកាសល្អៗច្រើនដែរ ប៉ុន្តែមិនមានសំណាងស្វែងរកគ្រាប់បាល់លើគូ ប្រកួត របស់ខ្លួនបានឡើយ។ ២ប្រកួតរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឈ្នះ២ប្រកួត មាន៦ពិន្ទុ ហើយបានកក់កៅអី១សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមក្រសួងសាធារណការ និងដឹក ជញ្ជូនក៏មានរំពឹងខ្ពស់ដែរ នៅក្នុងការប្រជែងកៅអីនៅវគ្គ១៦ក្រុមចុងក្រោយដែរ ដោយ ២ប្រកួតរបស់ខ្លួន ឈ្នះ១ប្រកួត ជាមួយក្រុមអាកាសចរណ៍ស៊ីវិល ៧ទល់១ និងចាញ់១ប្រកួត ដោយមាន៣ពិន្ទុ នៅក្នុងដៃ។ ក្រុមសាធារណការ និងដឹកជញ្ជូននឹងត្រូវជួបប្រកួត នៅប្រកួត ទី៣ ដែលជាប្រកួតចុងក្រោយ នៃវគ្គចែកពូលជាមួយក្រុមយុវជនក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ប៉ុក បូរ៉ាក់ ប្រធានក្រុមយុវជនក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈបានសម្តែងនូវក្តីរីករាយដែលក្រុមរបស់លោកដណ្តើមបានជ័យជម្នះ៣ពិន្ទុពីគូប្រកួតរបស់ខ្លួន ដែល៣ប្រកួតកន្លង ទៅមិនធ្លាប់ឈ្នះក្រសួងសាធារណការ និងដឹកជញ្ជូនដូចលើក​នេះឡើយ។

ចំណែកឯ លោក ប៉ែន កុសល គ្រូបង្វឹកក្រុមបាល់ទាត់យុវជនក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ដែរថា បើទោះបីជាការប្រកួតទី២នេះធ្វើមិនសូវបានល្អ ប៉ុន្តែលោក​នៅតែមានក្តីសង្ឃឹមខ្ពស់ ក្នុងការឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយជាបន្តទៀត ដោយ​នៅប្រកួតទី៣ខាងមុខ លោករំពឹងថាកូនក្រុមរបស់លោកធ្វើបានល្អជាមួយក្រុមក្រសួងមុខ​ងារសាធារណៈ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន​នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះជាលើកទី៦ ដែលទាក់ទាញ​បានក្រុមក្រសួង ស្ថាប័នចូលរួមកាន់តែកើនឡើងច្រើន ក្រោមការរៀបចំពីសហភាពសហព័ន្ធ​យុវជនកម្ពុជា និងទទួលបានការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនជាច្រើនផងដែរ៕

ដោយ ហេង ណាលីន