មន្ទីរបរិស្ថានខេត្តព្រះសីហនុ​បើកកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ​លើគម្រោងបង្កើតរោងចក្រស្លលោហ:​

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃពុធ ៤កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០១៩​ នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ​ បើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតរោងចក្រស្លលោហ:​ (សំណ)​ លើផ្ទៃដីទំហំ​ ៣៣,២៤៦៥ហិកតា​ របស់ក្រុមហ៊ុន​ Future Land Investment 86 Co., LTD​ ដែលស្ថិតក្នុងភូមិតាអោងធំ​ ឃុំសាមគ្គី​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ក្រោមអធិបតីលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធ​ តំណាងក្រុមហ៊ុនសិក្សាបច្ចេកទេស​ តំណាងរបស់គម្រោង​ និងក្រុមហ៊ុនទីប្រឹក្សា។កិច្ចប្រជុំក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១.​ផ្សព្វផ្សាយ​ និងជូនដំណឹងអំពីសកម្មភាពរបស់ គម្រោងវិនិយោគ​, ២.ស្វែងយល់បន្ថែម​អំពីស្ថានភាពបរិស្ថាន ដែលមានស្រាប់, ៣.ស្វែងរកផលប៉ះពាល់ជាវិជ្ជមាន​ និងអវិជ្ជមាន​ ដែលអាចកើតឡើងដោយសារសកម្មភាពគម្រោង​ ដើម្បីរៀបចំវិធានការកាត់បន្ថយ, ៤.ពិពណ៌នាអំពីវត្ថុធាតុដើម​ និងសង្វាក់ផលិតកម្ម​, ៥.ការប្រើប្រាស់ទឹកក្នុងដី និងការជីកស្រះ​, ៦.ការប្រើប្រាស់ថាមពល និង៧.ពិពណ៌នាអំពីផលប៉ះពាល់គុណភាពខ្យល់​កម្រិតសំឡេង​ និងកម្រិតរំញ័រ​ និងផែនការគ្រប់គ្រងសំណល់រឹង​ រាវ ។ល។ ។

លោក ឈិន​ សេងងួន​ អភិបាលរង​ខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ គម្រោងបង្កើតរោងចក្រស្លលោហ:​ធាតុ (សំណ)​ របស់ក្រុមហ៊ុន​ Future Land Investment 86 Co., LTD នៅលើទឹកដីខេត្តព្រះសីហនុ ទន្ទឹមនោះលោកក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន ធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរមូលដ្ឋាន  មន្ទីរជំនាញ ដើម្បីរក្សាបរិស្ថាន អនាម័យ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញរោងចក្រ ជាពិសេសការ បំពុលបរិស្ថានដែលជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ដោយសារកំណើននៃការវិនិយោគនៅខេត្តព្រះ សីហនុ នារយៈពេលពីរឆ្នាំចុងក្រោយនេះមានសន្ទុះកើនឡើងយ៉ាងគំហុក ដូច្នេះយើងត្រូវរួម គ្នាគិតពីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា គឺផ្តើមចេញពីបរិស្ថាន និងអនាម័យ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយភាពក្រីក្រ ៕

ដោយ ងូ សុមុនី