នាវាកងទ័ពរំដោះប្រជាជនចិនចំនួន០៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន៣គ្រឿង បានចូលចតនៅ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។ ការចូលចតរបស់នាវានេះ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើង ទឹកមូលដ្ឋាន សមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រ និងក៏មានការទទួលស្វាគមន៍ពីសមាគមចិននៅក្នុងខេត្ត ព្រះសីហនុផងដែរ។

នាវាទី១. មានឈ្មោះ PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរនាវីឯក YANG KAI ។ នាវាទី២. មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក 4,100តោន ដឹកនាំដោយលោកវរនាវីទោ ZHAO SHU QIAN និងនាវាទី៣.ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក 10ម៉ែត្រ ទម្ងន់ផ្ទុក 20,500តោន ដឹកនាំដោយលោក វរនាវីទោ ZHOU XIAOHUI ។ នាវាទាំង ០៣គ្រឿង ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង ដែលមាននាវិកសរុបចំនួន ៦៩៥នាក់ ។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍ចំពោះគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិននៅកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបានមកចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តការរវាងកងទព័ជើងទឹក ប្រទេសទាំងពីរ ពិសេសចំណងការទូតរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀតផង។ ក្ក្នុងនាមមេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងសហការការពារសន្តិសុខ ការស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសស្នាក់នៅខេត្តព្រះសីហនុ ទទួលបានសន្តិសុខ សុវត្ថិភាព ជូនដល់នាវិកក្នុងដំណើរកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព។

លោកឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត និងប្រជាជនខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ការចូលចតរបស់នាវាកងទ័ពរំដោះប្រជា ជនចិន នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរចិន កម្ពុជាឱ្យកាន់តែរឹងមាំ ព្រមទាំងបានស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវិស័យយោធា នៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៅលើទឹកដីនៃព្រះរា ជាណាចក្រកម្ពុជា ជាពិសេសការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែស្និទ្ធស្នាល បន្ថែមទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក៕

ដោយ ងូ សុមុនី