សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ៧មករាគឺជារបស់រួម គឺជារបស់មនុស្ស ដែលចង់រស់ជាមនុស្ស

AKP តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រ​សា​ស​ន៍​ថា ថ្ងៃទី៧មករាមិនមែនជារបស់ខ្ញុំ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនដែលចាត់ទុក ៧ម​ក​រា គឺជារបស់ខ្លួន តែ ៧មករា គឺជារបស់រួម គឺជារបស់មនុស្សដែលចង់រស់ជាមនុស្ស ៧មករា គឺ​​ជារបស់ទាំងអស់គ្នា។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនិយោជិតចំនួន ១៨ ២៧៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តតាកែវនាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំ​​រឹ​ទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅភូមិចមពល ឃុំពពេល ស្រុ​ក​ត្រាំ​​កក់ ខេត្តតាកែវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ថ្លែងថា សមិទ្ធផល៤០ឆ្នាំ ដែលយើងទើបធ្វើបុណ្យខួប ៧មក​រា កាល​ពី ទី៧ ខែ​​មករា ឆ្នាំ២០១៩​នោះ «មានប្រធានគណបក្សនយោបាយមួយនោះនិយាយថា​ ៧មករា​គេដឹង​គុ​​ណ​ហើយ ក៏ប៉ុន្តែគួរឱ្យសងគុណដល់ពេលណា» ក៏ប៉ុន្តែខ្ញុំចង់និយាយថា ៧មករា មិនមែន​ជា​រប​ស់គណបក្សប្រជាជននោះទេ ៧មករាគឺជារបស់ប្រជាជនគ្រប់រូបទាំងអស់ ដែល​ចង់រស់​ជា​ម​នុ​ស្ស ដូច្នេះគឺគ្មានអ្នកណាត្រូវសងអ្នកណានោះទេ ព្រោះ៧មករា គឺរបស់ខ្លួន។

សម្ដេច​បា​ន​ថ្លែង​ប្រាប់កម្មករទៀតថា ៧មករា ជារបស់ជីដូនជីតា ជារបស់ឪពុកម្ដាយ របស់ក្មួយៗ ហើយ​វា​ក៏​ក្លាយទៅជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាដែលត្រូវរក្សា។ ៧មករា គឺមិនត្រូវការឱ្យ​អ្ន​ក​​​ណាសងនោះទេ។ បញ្ហាសំខាន់គឺ ៧មករាគឺជារបស់ទាំងអស់គ្នា ​ខ្ញុំក៏មិនដែលចាត់ទុក ថ្ងៃទី​៧​​មករាជារបស់ខ្ញុំ ហើយគណបក្សប្រជាជនកម្ពុជាក៏ មិនដែលចាត់ទុក ៧មករា គឺជារបស់ខ្លួន តែ ៧មករាគឺជារបស់រួម គឺជារបស់មនុស្សដែលចង់រស់ជាមនុស្ស។ ដូច្នេះការបោះ​ឆ្នោត​ដើ​ម្បី​រក្សា​ទុកនូវស្មារតី៧មករា​គឺជាការបោះឆ្នោតឱ្យខ្លួនឯង ព្រោះខ្លួនឯងចង់រស់ មានតែអ្នកចង់​ស្លា​ប់​​ទេ ប៉ុន្តែឥឡូវគ្មានអ្នកណាវាយវាឱ្យស្លាប់ អីចឹង វាចេះតែពូកែទៅ ប៉ុន្តែបើសិនជាកុំ​រំដោះ​ទាន់​ពេ​ល ឪ ម៉ែវា និងខ្លួនវាក៏វាងាប់ដែរ។ អីចឹងសូមបញ្ជាក់ត្រង់ចំណុចនេះបន្តិចថា ថ្ងៃទី ៧មករា គឺ​ជារបស់រួម ហើយដោសារ ៧មករានេះហើយ ប៉ុន្តែក្រោយការខិតខំរយៈពេល៤០ឆ្នាំ យើង​បាន​​មកដល់ទីកន្លែងមួយ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាទាំងអស់គ្នា ព្រោះអ្វីដែល​វា​បានកើតឡើងក្នុងសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជារបស់យើង និងអ្វីដែលវាបាន​កើត​ឡើ​ងនាពេលនេះ ស្ថានភាពខុសគ្នាដាច់ស្រឡះ នឹកស្មានមិនដល់។

សម្ដេចតេជោគូសបញ្ជាក់​ថា មិនមែនជា​រឿង​លេងសើចនោះទេទម្រាំកម្ពុជាបានដើរ មកដល់នាពេលនេះ ប្រទេស​ខ្លះ​គេ​មា​នសន្តិភាព គេអត់មានរបបប្រល័យពូជសាសន៍ទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់​គេនៅ​ទា​បជាងយើងនៅឡើយ ឬក៏ស្ថិតនៅក្នុងស្ថានភាព នៃប្រទេសដែលមានប្រាក់ចំណូលមធ្យម​ក​ម្រិត​ទាប​ដូចយើងដែរ។ រយៈពេល៤០ ឆ្នាំពោរពេញដោយការលំបាក ដែលយើងទើបនឹងធ្វើ​បុ​ណ្យ​​​ខួបលើកទី២០ នៃនយោបាយឈ្នះ ឈ្នះ យើងទើបនឹងមានពេល២០ឆ្នាំ ក្នុងការកសាង​ប្រ​​ទេសឡើងវិញ ជាមួយនិងការបំផ្លិច បំផ្លាញជាបន្តនៃពួកក្រុមជ្រុលនិយមមួយចំនួន ដែល​ដើរ​ទៅ​ប្រាប់បរទេសកុំឱ្យផ្ដល់ជំនួយ កុំឱ្យមកវិនិយោគ កុំឱ្យទិញទំនិញពីកម្ពុជា ក៏ប៉ុន្តែយើង​នូវ​តែជម្នះធ្វើឱ្យប្រទេសរបស់ យើងបន្តរីកចម្រើន៕

ដោយ ជឹម ណារី