ឆ្នាំ២០១៩នេះ ខេត្តតាកែវសល់ស្បៀងជាស្រូវចំនួន ៧៩០.៧២៣តោន

AKP តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨-២០១៩ របស់ប្រជាកសិករខេត្តតាកែវកន្លងមក អនុវត្តន៍បានចំនួន ១៩៩.៦៤៣ហិកតា ស្មើនឹង ១១៧,៤៣ភាគរយនៃផែនការ ក្នុងទិន្នផលមធ្យម ៣,៤៤៣តោន ក្នុងមួយហិកតា ដោយទទួលបានបរិមាណផលចំនួន ៦៨៧.៣៧១តោន។

លោកបន្តថា រីឯស្រូវរដូវប្រាំងវិញ គិតមកដល់ពេលនេះប្រជាកសិករយើងសម្រេច អនុវត្តន៍បានចំនួន ៦១.៥៣៥ហិកតា ស្មើនឹង ៨២.០៥ភាគរយ នៃផែនការ។ ការបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ ប្រជាកសិករខេត្តតាកែវ នឹងឈានដល់ចំនួន ៩៩.០៧០ហិកតា ដោយការប៉ាន់ស្មាននូវទិន្នផលមធ្យមមានចំនួន ៤.៨៧០ តោនក្នុងមួយ  ហិកតា បរិមាណផលដែលនឹងអាចទទួលបាន ប្រមាណ៤៨២.៤៧៣តោន។ ​ដូច្នេះបរិមាណផលសរុបទាំងផលស្រូវរដូវវស្សានិងផលស្រូវរដូវ​ប្រាំងមានចំនួន ១.១៦៩.៨៤៤តោន។

លោក ញ៉ិប ស៊្រន បន្តទៀតថា ​ក្នុងឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ មានចំនួនប្រហែល ១.០១៦.១៣១នាក់​ ហើយមនុស្សម្នាក់ក្នុងមួយឆ្នាំ តម្រូវការស្បៀងគិត ជាអង្កររយៈពេលមួយឆ្នាំចំនួន១៤៥.៣០៧តោន។ ការប៉ាន់ប្រមាណតុល្យភាពស្បៀង ដោយដកចេញការហូបចុករយៈពេលមួយឆ្នាំ ការទុកពូជ ចំណីសត្វ ការបាត់បង់ផ្សេងៗ ឃើញថាទូទាំងខេត្ត តាកែវ នៅសល់ស្បៀងគិតជាស្រូវចំនួន ៧៩០.៧២៣តោន គិតជាអង្ករ ៥០៦.០៦៣តោន សម្រាប់ធ្វើការនាំចេញទៅបណ្តាខេត្តផ្សេងៗ និងក្រៅប្រទេស។ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ឆ្នាំនេះសល់ស្បៀងច្រើនជាងឆ្នាំមុន គិតជាស្រូវចំនួន ១៧.២៨៩តោន គិតជាអង្ករចំនួន ១១.០៦៥តោន ៕

ដោយ អ៊ុច  សៀង