ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ នៅថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ នៅព្រឹកថ្ងៃស្អែកនេះ។តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធ​ស​ភា​បានឱ្យដឹងថា របៀបវារៈចំនួន៣នោះរួមមាន៖ គឺទី១-ការពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។ ទី២-ការពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤។ និងរបៀបវារៈទី៣-គឺការកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤៕

ដោយ  ប៉ាល់ សុង