អន្តរក្រសួងផ្តល់យោបល់លើគម្រោងខ្សែបញ្ជូនអគ្គីសនី តភ្ជាប់ពីស្រុកក្រឡាញ់ ទៅអនុស្ថានីយអគ្គិសនីក្រុងសំរោង

AKP ភ្នំពេញ ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ — លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូងលើគម្រោងខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល តភ្ជាប់ពីស្រុកក្រឡាញ់ ខេត្ត សៀមរាប ទៅអនុស្ថានីយអគ្គីសនីក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះ បានធ្វើ ឡើងនៅទីស្តីការក្រសួងរសៀលថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករាឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយរបស់ក្រសួងបរិស្ថាន។
គម្រោងខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់១១៥ គីឡូវ៉ុល តភ្ជាប់ពីស្រុកក្រឡាញ់ខេត្ត សៀមរាបទៅអនុស្ថានីយអគ្គីសនីក្រុងសំរោង ខេត្តឧត្តរមានជ័យមានប្រវែង៧១ គីឡូម៉ែត្រ មានចំនួន១៨៦ បង្គោលអគ្គីសនី របស់ក្រុមហ៊ុន SHNEITEC ENERGY CO., LTD. ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា Creative Green Design CO., LTD.លោកជំទាវ ម៉ុម ថានី បានបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្តោតសំខាន់ និងតម្រូវឱ្យមាន ការសិក្សាបន្ថែមទៅលើការកែសម្រួលនិងបន្ថែមច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង គម្រោង ជាពិសេសបន្ថែមអនុក្រឹត្យដែលទាក់ទងនឹងការគ្រប់គ្រងអាងទឹក និងទន្លេ។ ការ រចនាខ្សែដក់នៃខ្សែបញ្ជូនអគ្គិសនី ឆ្លងកាត់ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦៨ និងផ្លូវជនបទ រួម ទាំងខ្សែដកនៅតាមបង្គោលនីមួយៗ និងចន្លោះបង្គោលអគ្គីសនីទៅតាមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ត្រូវដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានលឿន បច្ចុប្បន្នក្រុមហ៊ុន បានដោះស្រាយប្រមាណជាង៩០ភាគរយហើយ ពីការប៉ះពាល់ដោយ សារ សកម្មភាពគម្រោងឱ្យបានត្រឹមត្រូវ មុននឹងធ្វើការសាងសង់។ ក្រៅពីនេះ ត្រូវចរចារ និងដោះ ស្រាយផលប៉ះពាល់ លើ ប្រឡាយ ដែល ពាក់ ព័ន្ធ នឹង សាងសង់ជើងបង្គោលលេខ AP-T026 ដោយសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសាងសង់។

ជាមួយគ្នានេះ ត្រូវកំណត់ទីតាំងរយៈកម្ពស់នៃតំបន់ទំនាប ដែលត្រូវយកអាចម៌ដី ពីការ សាងសង់ទៅចាក់បំពេញដីនោះឱ្យបានច្បាស់លាស់ បញ្ជាក់ពីប្រភេទប្រេងត្រង់ស្វ័រ និង លេខកូដដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះទៀត ក្រុមការងារ ក៏ត្រូវ រចនាគម្រោង លើការសាងសង់អនុស្ថានីយអគ្គីសនី ក្រុងសំរោង ពីការចាក់ដីបំពេញ ដើម្បី សាងសង់អនុស្ថានីយអគ្គីសនី ចៀសវាងជន់លិចដីស្រែរបស់ប្រជាជនដែលនៅ ក្បែរទីតាំង អនុស្ថានីយអគ្គីសនី។ ត្រូវចុះបញ្ជីនៅបេឡាជាតិរបបសន្ដិសុខសង្គមឱ្យបុគ្គលិក-កម្មករនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ហើយក្រុមហ៊ុនត្រូវកែសម្រួលនូវ ចំណុចខ្វះខាតនៅក្នុងរបាយការណ៍ ទៅតាមការផ្តល់យោបល់របស់ក្រុមការងារនាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួង។

សូបបញ្ជាក់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអគ្គនាយក ដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គីសនីកម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត សៀមរាប មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុម ហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ