អភិបាលខេត្តបន្ទាយមានជ័យជំរុញសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ​ក្រេបជញ្ជក់យកចំណេះដឹងជំនាញ

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានជំរុញសិស្សានុសិស្ស ទាំងអស់ត្រូវ​​បង្កើនការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះ ដឹងជំនាញដើម្បីចូល​រួម​ចំណែកធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការ រីកចម្រើនថែមទៀត។

ឯកឧត្តម សួន បវរ បានថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ​ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការអគារមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល បច្ចេកទេស១ខ្នងនៅក្នុងវិទ្យាល័យភ្នំស្រុក​ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា(SEAPC.C)ដើម្បីបម្រើដល់តម្រូវការរៀនសូត្រ​ជំនាញវិជ្ជាជីវៈរបស់សិស្សានុសិស្ស នៅក្នុងតំបន់ជនបទដាច់ស្រយាលមួយនេះដែលពីមុនពុំធ្លាប់មាននោះ។ឯកឧត្តម សួន បវរ បានថ្លែងកោតសរសើរដល់អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះ បណ្តាលអាស៊ីអាគ្នេយ៍.កម្ពុជាដែលបានបើកកិច្ចប្រតិបត្តិការងារជាមួយអង្គការ ដៃគូ ជួយ អភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ជាក់ស្តែងសមិទ្ធផលអគារអប់រំបណ្តុះបណ្តាលបច្ចេក​​ទេសនេះវាបានឆ្លើយតបទៅនិងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាក្នុងការជំរុញការ អភិវឌ្ឍធនធានមនុស្សដែលក្នុងនោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះជាគោលដៅសំខាន់មួយដែលបាននិងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង​សំដៅឆ្លើយ​តបទៅនឹងតម្រូវនៃការអភិវឌ្ឍប្រទេស​ជាតិនោះ។អភិបាលខេត្តបន្ទាយមានជ័យបន្តទៀតថា អគារបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺពិតជា​មានសារៈសំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្សចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងជំនាញក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនប្រកបដោយគុណភាពដែលជាត្រីវិស័យ​សម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ​ឱ្យមានការរីកចម្រើន​​។

នៅក្នុងឱកាសនេះដែរឯកឧត្តមក៏បានធ្វើការក្រើនរម្លឹកដល់ក្មួយៗជាសិស្សានុសិស្សលោកគ្រូអ្នកគ្រូអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមថែរក្សា​​អគារសិក្សាបរិស្ថាននិងត្រូវខិតខំរៀនសូត្រហើយផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រលាញ់កូនចៅ​ បងប្អូន​ មិត្តភក្តិត្រូវចៀសឱ្យឆ្ងាយពី អំពើអបាយមុខផ្សេងៗ ពិសេសគ្រឿងញៀន​ ត្រូវចាំថា​ ការដាំដុះ​ រក្សាទុក​ ចរាចរ​ ជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់​​៕

ដោយ ឈុន សារ៉ាត