ខេត្តឧត្តរមានជ័យ ឈ្នះពានរង្វាន់លើវិញ្ញាសាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០១៨

AKP កណ្ដាល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឈ្នះមេដាយមាស និងពានរង្វាន់​ជើងឯកលើវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ចម្ងាយ៨០០ម៉ែត្រចំណុះ១២នាក់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៥ ដែលបានប្រកាស​បិទជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអនុ​ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា។ក្រុមកីឡាករខេត្តឧត្តរមានជ័យធ្វើបានយ៉ាងល្អ ដោយឈ្នះមេដាយមាសលើវិញ្ញាសា ទូក​ប្រពៃណី​ខ្នាតអន្តរជាតិចម្ងាយ៨០០ម៉ែត្រ ចំណុះ១២នាក់ផ្នែកបុរសនេះ ខណៈចំណាត់​ថ្នាក់លេខ២ បានទៅលើក្រសួងមហា​ផ្ទៃ និងលេខ៣បានទៅលើក្រុមមន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្តាល។

លោក សែម មិនា គ្រូបង្វឹកក្រុមកីឡាករអុំទូកខេត្តឧត្តរមានជ័យបានសម្តែងនូវក្តីរីក រាយ​ជាខ្លាំង​​ដែលក្រុមរបស់លោកបានយកឈ្នះម្ចាស់ជើងនៃវិញ្ញាសានេះ ដែលមានទូក​ចូល​រួមប្រកួតប្រជែងជ័យលាភីមានចំនួន៨ទូក។ លោកបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យក្រុម របស់លោកដណ្តើមបានជើងឯកនោះ គឺសាមគ្គីភាព ថាមពលកម្លាំង និងបច្ចេកទេស គឺជា​កត្តាចម្បងដែលឈានដល់គោលដៅជោគជ័យនេះ។ ជាមួយគ្នានោះ លោក ក៏ដូចជាកីឡាករ​ក្នុង​ក្រុមទាំងអស់បានប្តេជ្ញាចិត្តរួមគ្នាថា នឹងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការការពារម្ចាស់ ដំណែងជើងឯក នាឆ្នាំក្រោយៗទៀត ជាពិសេសគឺគោលដៅ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ​២០២៣ ខាងមុខ នៅកម្ពុជា។គួរបញ្ជាក់ថា ក្រៅពីវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិនេះ ក៏គណៈកម្មការបច្ចេកទេស​នៃ​សហព័ន្ធ គឺសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាចំនួន៤ទៀត រួមមាន៖ វិញ្ញាសា​ទូកកានូ C1 ចម្ងាយ៨០០ម៉ែត្រ បានទៅលើក្លិប ក្រសួងមហាផ្ទៃ, វិញ្ញាសាទូកកាយ៉ាក់K1 ៨០០ម៉ែត្របុរស បានទៅលើក្លឹបក្រសួងមហាផ្ទៃ, ទូក កាយ៉ាក់ K2 បានទៅលើក្លិបភ្នំពេញ និង វិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ផ្នែកបុរស ផ្នែកពានរង្វាន់សមាគម បានទៅ​លើខេត្តកំពង់ធំ៕

ដោយ ហេង ណាលីន