ក្រសួងវប្បធម៌ រៀបចំអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ក្នុងរបបប្រល័យពូជ​សាសន៍ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាតទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំធ្វើការអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាត ទូទាំង ប្រទេស ដើម្បីទុកជាភស្ដុតាង និងឯកសារសម្រាប់មនុស្សជំនាន់ក្រោយកុំឱ្យបំភ្លេចនូវសោក នាដកម្ម ដ៏ឃោរឃៅ និងព្រៃផ្សៃក្នុងអំឡុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃកន្លងមក។ នេះបើយោងតាម ការបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុករបស់លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។   បើតាមការលើកឡើងរបស់លោក វឿន វុទី្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងយកចិត្តទុកដាក់ថែរក្សាទីតាំងប្រវតិ្តសាស្រ្តជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើការអភិរក្ស​ទុកជា ភស្ដុតាងឱ្យបានដឹង សម្រាប់អ្នក​ជំនាន់​ក្រោយៗទៀត។ លោកបានបន្ដថា ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ និងទុកជូនដល់ប្រជាជនមួយចំនួនតូច ដែលមានមតិផ្ទុយ មិនទទួលស្គាល់ថ្ងៃ៧ មករា ១៩៧៩ និងមិនដឹងគុណថ្ងៃ៧ មករា ១៩៧៩ សម្រាប់ជាភស្តុតាងបង្ហាញនូវការវិភាគលើសាកសព លលាដ៏ក្បាលសាកសពជនរងគ្រោះ ដែលមានស្នាមវៃ មានស្នាមកាប់ មានស្នាមអារក មានស្នាមអារស្លឹកត្រចៀក ចងស្លាបសេក និងក្រណាត់រំមុខជាដើម។ លោកបានបន្ដទៀតថា រហូតមកដល់ពេលនេះ នាយកដ្ឋានបុរាណ វិទ្យា និងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់ គម្រោងអភិរក្សអដ្ឋិធាតុ ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញប្រកបដោយជោគជ័យ។លោកក៏បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានចេញជាគោលការណ៍ បង្កើតក្រុមការងារអភិរក្សមួយក្នុងគោល បំណងថែររក្សា អដ្ឋិធាតុរបស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឱ្យនៅគង់វង្ស ក៏ដូចជារក្សានូវភស្តុតាងប្រវត្តិសាស្រ្តមួយនេះ សម្រាប់ជាមេរៀនដល់មនុស្ស ជំនាន់ក្រោយអំពីប្រវត្តិដ៏ឈឺចាប់ និងរន្ធត់នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ ដើម្បីកុំឱ្យ​របប ដ៏យង់ឃ្នងមួយនេះ កើតឡើងសារជាថ្មីនៅលើទឹក ដីកម្ពុជាបន្ដទៀត។ លោកបានបន្ថែមថា គម្រោងអភិរក្សមួយនេះមានលក្ខណៈវិទ្យាសាស្រ្ត ដែលត្រូវបានអនុវត្តន៍ដោយបុរាណវិទូខ្មែរ និងយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទំាងនោះ ឱ្យមានអាយុកាលយូរ អង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្រ្តកម្ពុជាតទៅអនាគត។សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ (ការធ្វើកោសល្យវិច្ច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត២០០ផ្នូរសាកសពរួម៕

ដោយ អ៊ុន រិទ្ធី