អាជ្ញាធរខេត្តកំពង់ចាមរៀបចំការតាំងពិព័រណ៍សមិទ្ធផល និងផលិតផលដើម្បីអបអរសាទរ​ខួបលើទី៤០នៃថ្ងៃជ័យជម្នះ៧មករា

AKP កំពង់ចាម ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ — លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មស្តីទី បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP​ដឹងកាលពីថ្ងៃសុក្រ ទី០៤ ខែមករា​ឆ្នាំ២០១៩នេះថា ដើម្បីចូលរួមអបអរសាទរទិវាបុណ្យ​ខួប​លើកទី៤០ នៃថ្ងៃជ័យជម្នះ ៧មករាឆ្នាំ២០១៩ អាជ្ញាធរខេត្ត​និងមន្ទីរពាណជ្ជកម្មខេត្ត​កំពង់ចាម បានបង្កើតឱ្យមានព្រិតិ្ដការណ៍ដ៏ធំមួយគឺការដាក់តាំងពិព័រណ៍សមិទ្ធផល និងផលិតផលគ្រប់​ប្រភេទចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃ១០ ខែមករា​ឆ្នាំ២០១៩នេះដើម្បីឱ្យប្រជាពលរដ្ឋ​បានមកទស្សនាកម្សាន្តសប្បាយ និងអាចទិញផលិតផលនៅត្រង់ចំណុចកំពុងរង់ចាំ ក្រោយ​មន្ទីរ​វប្បធម៌ និងវិចត្រសិល្បៈខេត្ត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

​លោកបានបន្ដថា​ការដាក់តាំពិព័រណ៍សមិទ្ធផល និងផលិតផលដើម្បីអបអរសាទរបុណ្យជ័យជម្នះ​៧មករា​ឆ្នាំ២០១៩នេះគឺរៀបចំជាទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ។ សម្រាប់ឆ្នាំនេះ គឺមានអ្នកចូលរួម​ដាក់តាំងពិព័រណ៍គ្រប់ប្រភេទជិត២០០ស្តង់ ក្នុងនោះការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល​និងផលិតផលរបស់មន្ទីរ​ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកទាំង១០របស់ខេត្ត មានចំនួន​៣៨ស្តង់ និងសម្រាប់បង្ហាញពីផលិតផលខ្មែរមានចំនួន៥៨ស្តង់​ព្រមទាំងផលិតផលគ្រប់​ប្រភេទ​មានចំនួន៧០ស្តង់។

លោកបានលើកឡើងថា ការដាក់តាំពិព័រណ៍នេះ នឹងមានប្រជាពលរដ្ឋ មកទស្សនា​កម្សាន្ដសប្បាយ និងទិញផលិតផលតាមតម្រូវការព្រោះប្រទេសជាតិ​មានសុខសន្តិភាព​ប្រជា​ជនរស់នៅដោយសុខដុមរមនា និងមានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យ​ដោយសារយើង​មានថ្ងៃ៧មករាឆ្នាំ១៩៧៩ ទើបមានអ្វីៗរហូតមកដល់សព្វថ្ងៃនេះ៕

ដោយ ឆាយ ម៉ុត