កម្ពុជា នឹងរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC)​នៅពាក់កណ្តាល​ខែមករា ខាងមុខនៅខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — ដើម្បីបង្ហាញពីបេតិកភណ្ឌ វប្បធម៌ជាតិ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះ កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីហៅកាត់ថា (ACC–AngKor) នាពាក់កណ្តាលខែមករាខាងមុខនេះ នៅខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការ​គណៈរដ្ឋមន្រ្ដី លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃ ACC បានលើកឡើងថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានបង្កើតឡើង តាមគំនិតផ្តួច ផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូនេះ គឺជា ប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។ លោកបានបញ្ជាក់ ថា កម្ពុជា ចិន រុស្ស៊ី នេប៉ាល់ ក៏ជាសមាជិកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP)ដែលមានសមាជិកជាងជាង៣៥០ប្រទេមកពីប្រទេស៥២ នៅក្នុងតំបន់អាស៊ី។ លោក បន្តថា ACC ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ មករា ខាងមុខនេះ ក៏នឹងបង្ហាញភាពអស្ចារ្យ នៃបេតិកភណ្ឌជាតិរបស់កម្ពុជា ទាំងបេតិកភណ្ឌរូបបី និងអរូបី ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និង អន្តរជាតិដែលចូលរួមផងដែរ។ លោកបានបន្ដទៀតថា គោល​បំណងនៃការបង្កើតក្រុមប្រឹក្សា វប្បធម៌អាស៊ីគឺដើម្បីបង្ហាញពីការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងសមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីទាំងរូបីនិងអរូបី។ ពិសេសលើកកម្ពស់តម្លៃសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលជាធនធានសំខាន់មួយរបស់​ពិភពលោក។លោកបានបន្ថែមថា បេតិកភណ្ឌពិភពកលោកពិតជាមានតម្លៃណាស់សម្រាប់ទាក់ ទាញភ្ញៀងជាតិនិងអន្តរជាតិ ហើយបង្ហាញឱ្យឃើញនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស​ក្នុង​អាស៊ីតាមរយៈប្រើប្រាស់វប្បធម៌ជាយាន្ត ក៏ដូចជាការផ្សាភ្ជាប់ និងធ្វើឱ្យតំបន់អាស៊ីរស់ នៅក្នុង​សុខដុមរមនីយកម្មជាមួយគ្នា។ លោក ឯក ថា បានគូសបញ្ជាក់ទៀតថា កត្តាដែលធ្វើឱ្យ កម្ពុជាត្រូវបានប្រទេសជាសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅ ពេលខាងមុខនេះដោយសារតែកម្ពុជាបានធ្វើការថែរក្សាបេតិកភណ្ឌពិភពលោក​និងជា ប្រទេសមហាអំណាចខាងវប្បធម៌។ ជាក់ស្តែងកម្ពុជាមានប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីនៅអង្គការបេតិកភណ្ឌភពលោក។ ក្រៅពីប្រាសាទ  កម្ពុជាក៏បានចុះបញ្ជីបេតិកភណ្ឌ អរូបីមួយចំនួនទៀត ដូចជា របាំព្រះរាជ្យទ្រព្យ ចាប៉ីដងវែង ល្ខោនខោល ល្បែងទាញព្រ័ត្រ និងល្ខោនស្រមោលស្បែកធំជាដើម។

សូមរម្លឹកថា កាលពីខែឧសភា ឆ្នាំ​២០១៨  ICAPP បានតែងតាំង សម្តេចតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយសរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP ជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។ ចំពោះអនុប្រធានទាំង ០៣រូប របស់ ACC មានឯកឧត្តម Guo Yezhou ជាអនុប្រធាន ICAPP (ចិន( ​លោកជំទាវ Sujata Koiral ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (នេប៉ាល់) និង លោកជំទាវ Andrey Klimov ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP (រុស្ស៊ី)។ ចំណែក ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងជាអគ្គនាយករបស់ ACC៕

ដោយ ប៊ុនរិទ្ធ