ខេត្តសៀមរាបនឹងប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃទី១០ ចំថ្ងៃរំដោះខេត្តរបស់ខ្លួន

AKP​ សៀមរាប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — ខេត្តសៀមរាបនឹងប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យ ជម្នះ៧មករា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ គឺចំថ្ងៃដែលខេត្តសៀមរាបរំដោះ ខ្លួនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ពោលគឺក្រោយ៣ថ្ងៃ នៃថ្ងៃរំដោះ ៧មករា។ នេះបើយោងតាមកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ៧មករារបស់ខេត្តសៀមរាប ដែល បានបើកកិច្ចប្រជុំនាថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២​​ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។  តាមសេចក្តីរាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំបុណ្យជាតិបានឱ្យ ដឹងថា ខេត្តសៀមរាបនឹងប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅបរិវេណព្រះអង្គចេកព្រះអង្គចម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប  និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប។ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ឆ្លងតាមកិច្ចពិភាក្សារបស់អង្គប្រជុំ ដោយផ្តោតសំខាន់ចំពោះការកំណត់នូវរាល់ឯកសណ្ឋាន ក្រុមក្បួនព្យុហយាត្រា រួមទាំងខ្លឹមសារ អត្ថន័យដែលទាក់ទងទៅនឹងខួបអនុស្សាវរីយ៍លើកទី៤០  នៃទិវាជ័យ ជម្នះ៧មករា១៩៧៩-៧មករា២០១៩ ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ កត្តាសំខាន់លើការងារចរាចរណ៍ នៅតាមដងផ្លូវដែលក្រុមក្បួនព្យុហយាត្រា ធ្វើដំណើរទៅតាមដងវិថីនានាក្នុងក្រុង ដែលគណៈកម្មការបានកំណត់ និងរក្សាឱ្យបាននូវអនាម័យបរិស្ថានផងដែរ។ ក្បួនព្យុហយាត្រានៅតាមផែនមន្ទីរនីមួយៗ ត្រូវធ្វើទៅតាមលទ្ធភាពរបស់អង្គភាពខ្លួន ឱ្យមានការស៊ីសង្វាក់ទៅតាមសាមីអង្គភាព អំពីសម្លៀកបំពាក់។  ឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការ រៀបចំបុណ្យជាតិ អំពីការរៀបចំនូវវេទិកាអង្គមិទ្ទីង ការកំណត់តាមផែនសមាជិកសមាជិការ ដែលត្រូវចូលរួមពិធី  កំណត់នូវទីតាំងចំណតយានយន្តគ្រប់ប្រភេទ។ នាឱកាសនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សូមឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុ ដាក់ខ្ពស់ចំពោះការធ្វើចរាចរណ៍ក្នុងក្រុង ដោយនៅក្នុងឱកាសនោះ យើងត្រូវធ្វើការបិទផ្លូវ​ ស្ពានមួយចំនួន មិនឱ្យគ្រប់យានយន្ត ធ្វើចរាចរណ៍ឆ្លងកាត់ ដើមី្បធ្វើឱ្យកម្មវិធីយើងដំណើរការទៅបានដោយជោគជ័យ។

ឯកឧត្តម ក៏សូមឱ្យកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការបញ្ចៀ សនូវការធ្វើ ចរាចរណ៍កុំឱ្យមានការកកស្ទះនៅតាមដងផ្លូវ ព្រមទាំងកុំឱ្យមានការកើតឡើង ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ដោយ​ហង្ស សៀក