អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចតេជោតែម្នាក់គត់ទទួលបានសិទ្ធិ និងអំណាចស្នើសុំទៅ ព្រះមហាក្សត្រផ្តល់សិទ្ធិនយយោបាយអតីតបក្សប្រឆាំង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា មានតែសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់ ដែលអាចស្នើថ្វាយព្រះមហាក្ស ដើម្បីផ្តល់សិទ្ធិនយោបាយដល់អតីតមន្ត្រីគណបក្សប្រឆាំង។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបាន​លើក​ឡើងកាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ស្របពេលសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី​(ស្ទូន)បានកំពុងរង់ចាំព្រះមហាក្សក្រ ឡាយព្រះហស្ថលេខាដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់​បើកផ្លូវនយោបាយដល់មន្ត្រីបក្សប្រឆាំងក្នុងការសុំសិទ្ធិនយោបាយ។ឯកឧត្តមបានលើកឡើង​ថា រាជរដ្ឋភិបាលមានការងារជាចម្បងច្រើនណាស់ ក្នុងកិច្ចបំពេញជូនមហាជន និងរក្សា​ប្រក្រតីភាពការងារ ផ្ដល់កំណើនសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានគូស បញ្ជាក់ថា “មិនមានពេល និងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិនយោបាយមកវិញ នោះ ទេ តែនេះជាសិទ្ធិនៃជម្រើសឯកជនរបស់គេ។ សម្តេចតេជោតែម្នាកគត់ ទទួលបានសិទ្ធិ និង អំណាចតាមច្បាប់ និង រដ្ឋធម្មនុញ្ញ ក្នុងការស្នើសុំទៅព្រះមហាក្សត្រ”។

សូមរម្លឹកថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបក នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ មិនឃើញ​មាន អតីតមន្ត្រីនយោបាយរបស់ក្រុមប្រឆាំងដែលកំពុងជាប់បម្រាមមកស្នើទៅក្រសួងមហា​ផ្ទៃ ដើម្បីស្នើសុំដកបម្រាម ឬផ្តល់និតិសម្បទានដើម្បីធ្វើនយោបាយបានឡើងវិញនោះទេ។​សម្ដេច​ក្រឡាហោមបានបន្ថែមថា ចំពោះករណីលោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិគឺស្ថិតក្នុងដៃតុលាការ មិនអាចអ្នកណាម្នាក់លូកដៃបានទេ។ សម្ដេចក្រឡាហោម បានថ្លែងទៀតថា ករណីលោកកឹម សុខា ត្រូវធ្វើតាមដំណើររឿងព្រោះថា អ្វីដែលលោកជាប់ ពន្ធនាគារ ដោយសារមានហេតុផល៕

ដោយ ប៊ុន រិទ្ធ