ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពីធីបើកការ ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំខេត្ត

AKP កំពង់ចាម ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំច ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បាន អញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាមហាជនទូទាំងខេត្ត ក្នុងការជ្រើសរើសជើងឯក ប្រចាំឆ្នាំ ដើម្បីចូលរួមអបអរទិវាបុណ្យជាតិថ្ងៃជ័យជម្នះ ៧មករា  ខួបលើកទី៤០ (៧មករា ១៩៧៩-៧មករា ២០១៩) និងឱ្យប្រជាពលរដ្ឋបាន ទស្សនាកម្សាន្តផងដែរ។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានអានរបាយការថា ការ ប្រកួតកីឡាមហាជនត្រូវបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីធ្វើការជ្រើសរើសជើងឯកប្រចាំឆ្នាំ របស់ខេត្តក៏ដូចដើម្បីចូលរួមអបអរទិវាបុណ្យថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៤០ (៧មករា ១៩៧៩-៧មករា ២០១៩) និងបានឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្តផងដែរ។

លោកបន្តថា ខេត្តកំពង់ចាមមានទីលានបាល់ទាត់៤០កន្លែង បាល់ទះ២០២កន្លែង និងបាល់បោះមាន១៨កន្លែង។ ការប្រកួតកីឡាឆ្នាំនេះមានក្រុមកីឡាករចូលរួមប្រកួតមាន ចំនួន៧១ក្រុមប្រកួតលើវិញ្ញាសាចំនួន៧ មានបាល់ទាត់ ចំនួន១១ ក្រុម បាល់ទះ មាន៧ក្រុម បាល់បោះ មាន៦ក្រុម ប៉តង់ប៉ូលមាន១៨ក្រុម ការវាយកូនឃ្លីលើតុ (វាយប៉េងប៉ុង)មាន៤ក្រុម  វាយសី មាន៣១ក្រុម និងហែលទឹកមាន៤ក្រុម ដែលក្រុមកីឡាករទាំងអស់មកតាមបណ្តា មន្ទីរអង្គភាពជុំវិញខេត្ត បណ្តាក្លឹបឯកជន និងក្រុមក្រុមកីទ្បាករតាមបណ្តាក្រុងស្រុក ទាំង១០ របស់ខេត្ត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងថា ការបើក ឱ្យមានការប្រកួតកីឡាមហាជនសម្រាប់ខេត្ត ក្នុងបំណងលើកស្ទួយដល់វិស័យកីឡាក្នុងខេត្ត ក្នុងការជ្រើសរើសជើងឯកប្រចាំឆ្នាំរបស់ខេត្តសម្រាប់ចូលរួមថ្នាក់ជាតិ ដើម្បីជ្រើសរើសជើង ឯកប្រចាំប្រទេសត្រៀមប្រកួតជាអន្តរជាតិ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត ជាលក្ខណៈស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខ  ហើយក៏ជាការដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា កម្សាន្តក្នុងន័យបង្កើនបរិយាសភាពសប្បាយរីករាយ ដើម្បីចូលរួមអបអរទិវា បុណ្យជាតិថ្ងៃ ជ័យជម្នះ ៧មករា ខួបលើកទី៤០ (៧មករា ១៩៧៩- ៧មករា ២០១៩)។

ឯកឧត្តមបន្តថា មានថ្ងៃ៧មករា គឺយើងមានអ្វីៗទាំងអស់ គឺដោយគណបក្សប្រជា ជនកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពប្រជាជនរស់នៅដោយសុខដុមរមនានិងប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យកីឡាក៏មានការរីកចម្រើននិងបានចូលរួមប្រកួតថ្នាក់ជាតិនិងអន្តរជាតិផងដែរ។

ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការប្រកួតកីឡាគឺចង់បង្ហាញពីការរឹតចំណងសាមគ្គី ភាពរវាងក្រុមកីឡា និងក្រុមកីឡានិងរវាងកីឡាករនិងកីឡាករ និងថ្នាក់ដឹកនាំក្រុម កីឡាករ ក៏ដូចមនុស្សទូទៅដែរ និងបង្ហាញនូវបច្ចេកទេស ទេពកោសល្យ សមត្ថភាព និងការចេះអត់ ធ្មត់ និងចេះការអធ្យាស្រ័យគ្នាទៅវិញទៅមករបស់ក្រុមកីទ្បាយើងក្នុង ពេលប្រកួតក៏ដូចជា ការរស់នៅជួមជុំគ្នា និងជនរួមជាតិទាំងមូលផងដែរ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវយក ចិត្តទុកដាក់បញ្ចេញឱ្យអស់នូវទេពកោសល្យ និងសមត្ថភាពដែលខ្លួនមាន និងរួមសាមគ្គីគ្នា ក្នុងការប្រកួត ដើម្បីដណ្តើមយកជ័យជម្នះ និងជាជើងឯកសម្រាប់ក្រុមរបស់ខ្លួន និងខេត្ដដែល ខេត្តជ្រើសរើសបាននូវកីឡាករល្អ ដែលមានទេពកោសល្យ និងសមត្ថភាពសម្រាប់ចូលរួម ប្រកួតថ្នាក់ជាតិ និងនាំមកនូវកិត្តិយសដល់ខេត្ត។

ជាមួយគ្នានេះផងដែរក្រុមអាជ្ញាកណ្តាល និងក្រុមបច្ចេកទេសត្រូវកាត់ក្តីដោយឈ លើភាពត្រឹមត្រូវនិងយុត្តិធម៌ឥតលំអៀងទើបយើងជ្រើលរើសបានក្រុមកីឡាករល្អសម្រាប់ខេត្តពោរពេញដោយសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសខ្ពស់ ហើយក្រុមកីឡាករទាំងអស់ ត្រូវខិតបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាកីឡាករអាជីពនោះ។ ការលេងកីឡានាំមកនូវ សុខភាព និងការអភិវឌ្ឍ ផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ ស្របតាមបញ្ញតិទាំងឡាយ ដែលមានក្នុងធម្មជាតិត្រូវនាំគ្នាលេងកីឡាដើម្បីចៀសឆ្ងាយពីគ្រឿងញៀន៕

ដោយ ឆាយ ម៉ុត