ឯកឧត្ដម ឃួង ស្រេងជំរុញឱ្យមន្ដ្រីខណ្ឌ និងមន្ទីរជំនាញសម្រុកជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ឱ្យបានល្អក្នុងរដូវប្រាំងនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩​ -ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យខណ្ឌនិងមន្ទីរជំនាញចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ សម្រុកលើការងារជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ឱ្យបានល្អក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអាជីវករលក់ដូរបង្កឱ្យលូស្ទះក៏នឹងមានវិធានការផងដែរ ។

ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផលការងារគម្រោងជួសជុលប្រព័ន្ធលូក្នុងខណ្ឌទាំង៤ កណ្តាលក្រុង ក្នុងឆ្នាំ២០១៨និងផែនការឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ត្រី មន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់ប្រព័ន្ធលូ ប្រឡាយនាពេលបច្ចុប្បន្ននេះឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ តែទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។

ឯកឧត្ដមបានបន្ដថា សម្រាប់ឆ្នាំ២០១៩នេះ អភិបាលខណ្ឌ មន្ទីរជំនាញ ត្រូវសម្រុកជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ឱ្យបានល្អក្នុងរដូវប្រាំងនេះ ដោយយើងមានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ។ ក្រៅពីការជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយនេះ អាជ្ញាធរខណ្ឌត្រូវចុះ ណែនាំអប់រំ ប្រជាពលរដ្ឋ ពិសេសអ្នកលក់អាហារហូបចុះ ធ្វើយ៉ាងណាកុំឱ្យពួកគាត់បោះកាកសំណល់ចូលទៅក្នុងអណ្តូងលូ ។ បើពួកគាត់មិនស្តាប់ត្រូវធ្វើកំណត់ហេតុ ជាលើកទី១ ជា មួយនឹងវិធានការផ្លូវច្បាប់របស់អន្តរក្រសួង តែបើពួកគាត់នៅតែមិនអនុវត្តន៍តាមទៀត យើងសម្រេចបិទអាជីវកម្មលក់ដូរអាហារហូបចុកពួកគាត់តែម្តង ។

ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះបើនៅតែមិនធ្វើនៅឆ្នាំ២០១៩នេះ ទុកឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។

បញ្ហាសណ្តាប់ធ្នាប់ក៏ត្រូវបានឯកឧត្តម ឃួង ស្រេង លើកឡើងផងដែរថា ចាប់ពីពេលនេះទៅ ការសាងសង់រោងការ រោងបុណ្យ អាចធ្វើបានត្រឹមតែលើចិញ្ចើមផ្លូវ មិនឱ្យសាងសង់លើទ្រូងផ្លូវដាច់ខាត ហើយចំពោះរថយន្តធំចូលក្រុងវិញត្រូវតែមានវិធានការឱ្យបានម៉ឺងម៉ាត់ បើទោះបីការងារនេះពាក់ព័ន្ធនឹងប៉ូលីសក៏ដោយ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវឃាត់រថយន្តធំៗទាំងនោះទុក ហើយសួរនាំឱ្យបានច្បាស់ ថាតើគោលដៅណាដែលអនុញ្ញាតឱ្យរថយន្តទាំងនោះចូល ដើម្បីយើងមានវិធានការបន្ត៕

ដោយសួស សំរិត