អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅជិតសណ្ឋាគារសុខា

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមករា ​ឆ្នាំ២០១៩ -កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញបានចុះពិនិត្យទីតាំងស្ថានីយបូមទឹកកខ្វក់នៅចំណុចក្បែរសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលក្រុមការងារបច្ចេកទេសកំពុងសាងសង់យ៉ាងមមាញឹក ។

ឯកឧត្តម យន្ត មីន ក៏បានបញ្ជាក់ថា បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ ជាក្តីបារម្ភរបស់រដ្ឋបាលខេត្ត ក៏ដូចក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ ព្រោះខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលមានសក្តានុពលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក មានសំណង់អគារពាណិជ្ជកម្ម ខុនដូរ និងសណ្ឋាគារផ្កាយ៣ ផ្កាយ៥ កំពុងសាងសង់ និងដំណើរការអាជីវកម្មរបស់ខ្លូននៅលើទឹកដីខេត្តមាត់សមុទ្រមួយនេះ ។

ឯកឧត្តមបានបន្តថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានផ្សព្វផ្សាយ និងជំរុញម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អគារពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ឱ្យធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិកខ្វក់ មុននឹងបង្ហូរចូលទៅលូ សមុទ្រ ក៏ប៉ុន្តែម្ចាស់ទីតាំងអាជីវកម្មមួយចំនួនបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត តែមួយចំនួនមិនទាន់បានអនុវត្តន៍ ។

បច្ចុប្បន្នខេត្តព្រះសីហនុ មានស្ថានីយបូមទឹកកខ្វក់ចំនួន ៤ទីតាំង ដើម្បីបូមទឹកសំណល់រាវបញ្ចូលទៅអាងចម្រោះមុននឹងបង្ហូរចូលទៅសមុទ្រ។ អាងទី១ នៅក្បែរអគារសណ្ឋាគារ អេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់លេខ៣ , អាងទី២ នៅជាប់បរិវេណសណ្ឋាគារសុខា, អាងទី៣ នៅក្បែរអគារ ឌី ស៊ី វ្យូ និងអាងទី៤ នៅទីតាំងផ្លូវចុះទៅផែអូប័រកោះរ៉ុង ឆ្នេរអូរឈើទាល និងកំពុងសិក្សាអាងទី៥ នៅខាងមុខសាលាខេត្តបន្តទៀត ។

ឯកឧត្តម យន្ត មីន រំពឹងថា បន្ទាប់ពីក្រុមការងារធ្វើការសាងសង់ស្ថានីយបូមទឹកកខ្វក់ទាំងនេះរួចរាល់ហើយ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនឹងត្រូវបានដោះស្រាយ  ទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដូចជា សំរាម ទឹក ភ្លើង ផ្លូវ ដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយមន្ទីរ អង្គភាពជំនាញ ខិតខំដោះស្រាយដើម្បីស្តារមុខមាត់ខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ ។

រដ្ឋបាលខេត្តសង្ឃឹមថា អនាគតដ៏ខ្លីខាងមុខនេះ ខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងដ៏ល្អប្រណិតមួយ ក្នុងការទាក់ទាញអ្នកវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក មកបណ្តាក់ទុនរកស៊ីកាន់តែច្រើន ធ្វើធ្វើឱ្យកំណើនសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ៕

ដោយ ងូ សុមុនី