ប្រជាពលរដ្ឋនៅខេត្តសៀមរាប​រំពឹងថា ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងក្លាយជាផ្សារគំរូ

AKP សៀមរាប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋនៅខេត្តសៀមរាប​រំពឹងថា ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងក្លាយជាផ្សារគំរូ ខណៈផ្សារនេះសាងសង់ឡើងតាមបែបលក្ខណៈស្តង់ដារ មាន​ចំណតរថយន្តនិងម៉ូតូធំទូលាយបង្កលក្ខណៈស្រួលដល់ប្រជាពលរដ្ឋដែលទៅទិញម្ហូប និងសម្ភារៈប្រើប្រាស់នៅក្នុងផ្សារមួយនេះ ជាពិសេសផ្លូវចាត់បេតុងជុំវិញផ្សារដែលជាកត្តាមួយដ៏សំខាន់ក្នុងការបង្ការពីគ្រោះអគ្គិភ័យ។

​    ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់​ ដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារនេះ តែងតែត្អួញត្អែរពីការកកស្ទះចរាចរណ៍នោះ ឥឡូវនេះបានប្រែក្លាយទៅជាផ្សារមួយដែលមាន​សណ្ដាប់ធ្នាប់ល្អ គ្មាន​ការ​កកស្ទះ និងមាន​សោភណ្ឌភាពស្អាត ដែល​អាចឈានទៅជាផ្សារគំរូនៅក្នុងខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរក្រុង​សៀមរាប​ និង​គណៈកម្មការផ្សារបាន​រៀបចំសណ្ដាប់ធ្នាប់ ធ្វើការកែលម្អ និងស្ថាបនាផ្លូវចាត់បេតុងនៅជុំវិញផ្សារមួយនេះ។

អ្នកស្រី ឃិត ឃុននី ជាប្រជាពលរដ្ឋម្នាក់នៅសង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលបាន​ទៅទិញ​ម្ហូប​នៅ​ផ្សារដើមក្រឡាញ់នេះ បាន​ថ្លែង​ឱ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ថា កាល​ពី​មុន​ផ្សារដើមក្រឡាញ់នេះ​គ្មានសណ្ដាប់ធ្នាប់ និង​មាន​ការ​កកស្ទះ​យ៉ាងខ្លាំង ​អ្នកស្រីមិនចង់មកផ្សារនេះទេ ។ ប៉ុន្តែប៉ុន្មានខែចុង​ក្រោយនេះ ឃើញ​ថា អាជ្ញាធរក្រុងសៀម រាប និង​គណៈកម្មការផ្សារបាន​រៀបចំសណ្ដាប់ធ្នាប់នៅក្នុងផ្សារ និងនៅជុំវិញផ្សារឱ្យមានរបៀបរៀបរយ និងមាន​សោភណ្ឌភាពល្អស្អាត ដែល​ធ្វើ​ឱ្យអ្នកស្រីរួមជាមួយប្រជាពលរដ្ឋដទៃទៀតមាន​ការពេញចិត្តខ្លាំង និងមកផ្សារនេះជារៀងរាល់ថ្ងៃ។ អ្នកស្រី​រំពឹងថា ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នេះ នឹងក្លាយជាផ្សារគំរូ ព្រោះអគារផ្សារសាងសង់ឡើងមើលទៅធំទូលាយ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកទិញម្ហូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

អ្នកស្រី ហេង ពេញ ជាអាជីវករលក់ដូរនៅផ្សារដើមក្រឡាញ់នេះផ្នែកជាន់ក្រោមបាននិយាយថា បន្ទាប់ពីអាជ្ញាធរ និងគណៈកម្មការផ្សារបាន​រៀបចំ​នៅខាងមុខ និងជុំវិញផ្សារឱ្យមានរបៀបរៀបរយមកអាជីវកម្មរបស់អ្នកស្រីមានការលក់ដាច់ប្រសើរជាងមុន។

លោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប ធ្លាប់បាន​ឱ្យដឹងថា ការងាររៀបចំ      សណ្ដាប់ធ្នាប់នេះអាជ្ញាធរក្រុង នឹងធ្វើជាប្រចាំ ហើយលោកស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បី​ធ្វើឱ្យផ្សារមានសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភណភាពស្អាត និងក្លាយជាផ្សារគំរូនៅខេត្តសៀមរាប។

លោក សុខ តុញ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានឱ្យដឹងថា បើតាមគម្រោងប្លង់សាងសង់ផ្សារនេះ គឺសង់ឡើងពីរជាន់ ហើយនៅជាន់ខាងលើកអ្នកទិញអាចជិះម៉ូតូឡើងទៅលើបាន ដោយមាន​ផ្លូវឡើងចុះងាយស្រួលនិងមានចំណតនៅជាន់ខាងលើធំទូលាយ។

លោកបន្តថា បច្ចុប្បន្ននេះ លោកកំពុងតែស្ថាបនាផ្លូវនៅជុំវិញផ្សារដោយចាក់ក្រាលបេតុងទទឹង៦ម៉ែត្រ ដែលអាចឱ្យរថយន្តពន្លត់អគ្គិភ័យចូលប្រតិបត្តិការបាន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ។ ផ្លូវជុំវិញផ្សារនេះមានប្រវែង២៨០ម៉ែត្រ ពេលនេះស្ថាបនាជាផ្លូវបេតុងបាន ៥០ភាគរយហើយ។

លោកបានបញ្ជាក់ថា តាមផែនការរបស់គណៈកម្មការផ្សារ និងអាជ្ញាធរក្រុង គឺធ្វើឱ្យផ្សារមួយនេះក្លាយជាផ្សារគំរូមួយសម្រាប់ខេត្តសៀមរាប ដោយផ្តើមចេញពីផ្សារធំទូលាយ មានសណ្ដាប់ធ្នាប់ល្អ បរិស្ថានល្អ អនាម័យល្អ សន្តិសុខល្អ សេវាកម្មល្អ និងតម្លៃសមរម្យ។ បច្ចុប្បន្ននេះ គណៈកម្មការផ្សារ និងអាជ្ញាធរក្រុងសៀមរាប​កំពុងតែខិតខំធ្វើ និងដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ឱ្យបានលឿន ដើម្បីឱ្យអាជីវករទាំងជាន់ក្រោម និងជាន់លើ លក់ដាច់ដូចគ្នា ហើយប្រជាពលរដ្ឋមានការពេញចិត្ត និងមកផ្សារនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

ដោយឃុត សៅ