សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ” ការបញ្ជ្រាបយេនឌ័រ​ក្នុងគម្រោងវិនិយោគ​បន្សុំានឹងការប្រែប្រួល​អាកាសធាតុ ”

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ -ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ II អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន សហការជាមួយក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ” ការបញ្ជ្រាបយេនឌ័រក្នុងគម្រោងវិនិយោគបន្សុំានឹងការប្រែប្រួលអាកាសធាតុ ” ។

ប្រភពដដែលបានគូសបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹងដល់និស្សិត និងសាស្រ្តាចារ្យ អំពីសារៈសំខាន់នៃការបញ្រ្ជាបយេនឌ័រក្នុងការ វិនិយោគការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ដែលជាតម្លៃបន្ថែមសម្រាប់ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី សមភាពយេនឌ័រ និងកាត់បន្ថយរាល់ទម្រង់នៃការរើសអើង ក៏ដូចជាជំរុញលើកទឹកចិត្តដល់អនាគតអ្នកដឹកនាំក្នុងការគិតគូរពីយេនឌ័រ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) និងលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខា ធិការក្រសួងកិច្ចការនារី ព្រមទាំងឯកឧត្តម ម៉ី ហ៊ុល អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រដោយមានការចូលរួមពីនិសិ្សត និងសាស្ត្រាចារ្យ សរុបចំនួនជិត ២០០នាក់៕

ដោយ ទេស ច័ន្ទសុធារី