ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាអាណត្តិទី២ លើកទី៥៦

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំ សាមញ្ញអាណត្តិទី២ លើកទី៥៦ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពី អភិបាលអភិបាលរងក្រុង ស្រុក ចៅសង្កាត់ ព្រមទាំងតំណាងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីពិភាក្សាអំពីលទ្ធផលការងារ ដែលបាន អនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្ត។
កិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ផ្ដោតទៅលើ របៀបវារៈចំនួន៨គឺ៖ ទី១- ពិនិត្យ និងអនុ ម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី៥៦ អាណត្តិទី២, ២-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត, ៣-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨, ៤- អានប្រកាស ស្ដីពីការផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុ, ៥- ពិនិត្យ និងគាំទ្រលើការសុំប្ដូរទីតាំង ចំណតឡានក្រុងពីសង្កាត់លេខ២ ទៅសង្កាត់លេខ១, ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៨, ៧- ស្ដាប់របាយការណ៍របស់ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ខេត្ត និងរបាយការណ៍របស់ការិយាល័យ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ -គណៈកម្មាធិការ លទ្ធកម្ម -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការគ្រប់គ្រងមណ្ឌល អភិវឌ្ឍន៍ធនធានមនស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត -ការិយាល័យប្រជាពល រដ្ឋខេត្តព្រះសីហនុ និងទី៨ -បញ្ហាផ្សេងៗ។ឯកឧត្តម ជាម ហ៊ីម មានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ បានសហការបំពេញការងារបានល្អ តាមតួនាទី ភារកិច្ចទទួលបាន លទ្ធផលជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ពិសេសក្នុងឱកាសពីធីបុណ្យ ឆ្លងឆ្នាំសកល២០១៨-២០១៩ រយៈពេល ៤ថ្ងៃ នៅឆ្នេរឯករាជ្យទទួលបានលទ្ធផលល្អ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តន៍ការងារការពារសន្តិសុខ សុវត្ថិភាពសង្គម និងត្រៀមរៀបចំអបអរសាទរទិវាជ័យជម្នះ ៧មករា នាពេលខាងមុខ ក៏ដូចជាត្រៀមរៀបចំការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀត ណាមនាពេលខាងមុខ៕

ដោយ ងូ សុមុនី