រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំត្រួតពិនិត្យស្តីពី ការរៀបចំប្រារព្ធ ពិធីបុណ្យជាតិ​៧មករា ខួបអនុស្សាវរីយ៍លើកទី៤០

AKP កំពង់ចាម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យស្តី​ពី​ ការ​រៀបចំ​ទិវាបុណ្យជាតិ​៧មករា ខួបអនុស្សាវរីយ៍លើកទី៤០ នៃ​ថ្ងៃ​ជ័យជម្នះ ​(៧ មករា ១៩៧៩-៧ មករា ២០១៩) ក្រោមអធិបតី​ភាព​របស់​ឯកឧត្ដម ​គួច​ ចំរើន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អស់​លោក​លោកស្រី​ជា​អនុគណៈ កម្មការនៃការរៀបចំពិធីបុណ្យ និងលោក លោកស្រី ជាប្រធាន​ អនុ​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើនរូបទៀត។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា របៀបវារៈនៃកិច្ចប្រជុំនាពេលនេះ គឺការត្រួតពិនិត្យ និងពិភាក្សាលើការងាររៀបចំពិធីប្រារព្ធ ទិវាបុណ្យជាតិ៧មករា ខួបអនុស្សាវរីលើកទី៤០ នៃទិវាជ័យជម្នះ (៧មករា១៩៧៩ – ៧មករា២០១៩) ដែលការប្រារព្ធទិវាបុណ្យជាតិ៧មករាឆ្នាំនេះ យើងធ្វើចំនួន២លើក ដែលលើកទីមួយទៅចូលរួមថ្នាក់ជាតិ នៅថ្ងៃ៧មករា ឆ្នាំ២០១៩ នៅពហុកីឡាជាតិអូឡាំពិក និងលើកទី២យើងធ្វើនៅថ្នាក់ខេត្តនៅថ្ងៃ៨មករា ឆ្នាំ២០១៩ បន្ទាប់ពីថ្នាក់ជាតិដែល យើងមានពិធីប្រារព្ធមិទ្ទីង និងការដង្ហែក្បួនរថយន្តដែលបានដាក់តាំង បង្ហាញអំពី សមិទ្ធផលនានារបស់ខេត្តសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាពនោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការតាំងពិព័រណ៍លើការបង្ហាញសមិទ្ធផលនៃគម្រោង ក្នុងការ អភិវឌ្ឍរបស់ខេត្តនៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក៏ដូចជាថ្នាក់ខេត្ត ដែលបានរៀបចំការ តាំងពិព័រណ៍អំពីផលិតផលនានាក្នុងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្ត នៅក្នុងពិធីបុណ្យនោះផងដែរ។

ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឱ្យដំណើរការនៃការ ប្រព្រឹត្តទៅបានជោគជ័យ និងប្រព្រឹត្តទៅបានល្អការប្រជុំនេះដើម្បីត្រួតពិនិត្យ និងពិភាក្សារកគន្លឹះសម្រាប់ការងារសេសសល់ដើម្បីបញ្ចប់ការងារដូចនេះអនុគណៈកម្មការរៀបចំបុណ្យទាំងអស់ និងមន្ទីរអង្គភាពនានារួមពិភាក្សាគ្នាត្រូវរួមគិត និងរួមធ្វើ ដើម្បីឱ្យ ដំណើរការនៃកម្មពិធីនេះប្រព្រឹត្តទៅដោយរលូនស្របតាមកម្មដែលបានគ្រោងទុកហើយគ្រប់បណ្តាមន្ទីរអង្គភាពត្រូវយកផលិតផលរបស់ខ្លួនមកតាំងបង្ហាញអំពីសមិទ្ធផលនៃការអភិវឌ្ឍរបស់ខ្លួនដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានបានដឹង និងជំរុញ ដល់កម្លាំងប្រដាប់ អាវុធទាំងបីប្រភេទត្រូវបង្កើនការការពារសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈឱ្យបានល្អថែមទៀត ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋយើងបានចូលរួមកម្សាន្ដសប្បាយ ដើម្បីបញ្ជាក់ពីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋយើងរស់នៅក្រោមនយោបាយឈ្នះៗក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពនិងប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាពនោះ៕                    

 ដោយ ឆាយ ម៉ុត