ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយក្រុមកីឡាករ ចំណុះទូក ចំរើនសែនជ័យ បារមីទន្លេអុំ

AKP កំពង់ចាម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមជាមួយលោកអភិបាលរងខេត្ត និងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជួប សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកខ្នាតអន្តរជាតិដែលមានឈ្មោះថា ចំរើនសែន ជ័យ បារមីទន្លេអុំ ដែលជាទូកខ្នាតអន្តរជាតិ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងទូក កាណូត ទូកកាយ៉ាក់ ដើម្បីជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីអបអរថ្ងៃជ័យជម្នះ (៧ មករា ១៩៧៩ – ៧ មករា ២០១៩)។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមបានណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវយកចិតទុកដាក់បញ្ចេញនូវទេពកោសល្យនិងសមត្ថភាព និងរួមសាមគ្គីគ្នាក្នុងការប្រកួតដើម្បីដណ្តើមយកជ័យជម្នះ ដល់ក្រុមរបស់ខ្លួននិងខេត្ត និងត្រូវចេះថែទាំសុខភាពឱ្យបានល្អនិងត្រូវចេះរស់នៅស្អាត ហូបស្អាតនិងផឹកស្អាត។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ២លាន រៀល ដល់គណៈកម្មការចូលរួមប្រណាំងទូកផងដែរ៕ដោយ ឆាយ ម៉ុត