សេចក្តីស្នើវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរដ្ឋសភាអនុម័ត ១០៨ លើ ១០៨សំឡេង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — សមាជិករដ្ឋសភាចំនួន១០៨រូប ក្រោមការដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទលើកសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង  ស្រុកខណ្ឌ ដោយសំឡេង ១០៨ លើ១០៨ នៃអង្គរដ្ឋសភាទាំងមូលបាន​ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះនៅវិមានរដ្ឋសភា។

 ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងក្រុមអ្នកតំណាងរាស្ត្រហត្ថលេខីបានលើកឡើងក្នុងសម័យប្រជុំពេញអង្គនេះថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០០៨។

ឯកឧត្តមបន្តថា បញ្ញត្តិមាត្រា១៨ នៃច្បាប់នះ បានចែងអំពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ដោយផ្អែកតាមកត្តាប្រជារាស្ត្រ និងកត្តាភូមិសាស្ត្រ  នៃរដ្ឋបាលដែនដីមួយៗ។

ឯកឧត្តមបន្តថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បន្ទាប់ពីច្បាប់នេះចូលជាធរមាន រហូតដល់បច្ចុប្បន្ននេះ ស្ថានភាពប្រជាជននៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់  ដែលតម្រូវឱ្យមានការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្លល់សេវា និងការអភិវឌ្ឍស្របពេល ដែលមុខងារនិងធនធានត្រូវបានផ្ទេរជាបន្តបន្ទាប់ ពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តមបញ្ជាក់ថា «សេចក្តីស្នើច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាម​មូលដ្ឋាននីមួយ​ៗ។ ទន្ទឹមនេះស្ថានភាពភូមិសាស្ត្រក៏ត្រូវបានកែសម្រួល និងកំណត់ឱ្យបានកាន់តែច្បាស់​លា​ស់​ស្របតាមការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ច និងសង្គមផងដែរ»។

ឯកឧត្តមបានបញ្ជាក់បន្ថែម​ទៀតថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត  ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា ១៨ ដើម្បីកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង  ក្រុមប្រឹក្សាខណ្ឌ ដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានបង្កើន២១រូប ទៅដល់ ២៧រូប សមាជិកក្រុមប្រឹក្សាខេត្តត្រូវបង្កើនចន្លោះពី១៥ ដល់ ២៧រូប សមាជិកក្រុមប្រឹក្សាក្រុងត្រូវបង្កើនចន្លោះពី ១១រូប ដល់២១រូប  និងសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌត្រូវបានបង្កើនចន្លោះពី ១១ ដល់ ២១រូប៕

ដោយ ប៉ាល់ សុង