ខេត្តកែបទទួលភ្ញៀវទេសចរប្រមាណជាង១៥ម៉ឺននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល

AKP កែប ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៨-២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានសម្រុក​មក​​លំហែរ​កម្សាន្ត នៅក្នុងរមណីយដ្ឋានឆ្នេរកែបយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនៅតំបន់ ទេសចរណ៍ផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកែបក៏មានមនុស្សទៅកម្សាន្ដច្រើនផងដែរ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ ដល់រាត្រីឆ្លងឆ្នាំ ថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ ខេត្តកែបបានទទួលបដិសណ្ឋារកិច្ច​ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិ មានប្រមាណជាង១៥ម៉ឺននាក់។ ក្នុងរបាយការណ៍បាន កត់សម្គាល់ឃើញថា ភ្ញៀវទេសចរដែលមកពីគ្រប់មបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសក្រៅពី សម្រុកមកលំហែរកម្សាន្ដនៅមាត់ឆ្នេរកែប ឬឆ្នេរអង្កោល ពួកគាត់បាននាំក្រុមគ្រួសារជិះទូក ទៅសម្រាក លំហែរនៅតាមបណ្តាកោះមួយចំនួនផងដែរ ពិសេសកោះទន្សាយ​ដែលជាទីតាំង មួយមានទេសភាពយ៉ាងស្រស់ត្រកាល មានខ្យល់អាកាសបរិសុទ្ធ ប្រកបដោយភាពទាក់ទាញ បំផុត។ ក្រៅពីនេះ ក្រុមអ្នកទេសចរណ៍ក៏បាននាំគ្នាទៅកម្សាន្ត នៅចំណុចមាត់ឆ្នេរកែប យ៉ាង​ច្រើនកុះករ ព្រោះក្នុងរាត្រីឆ្លងឆ្នាំសកលនេះ ដែល​រដ្ឋបាលខេត្តកែបក្រៅពីមានរៀបចំ​កម្មវិធីរាំ​សប្បាយ ក៏មានការបង្ហោះគោមរាប់រយគោម និងការអុជកាំជ្រួចជិត១.០០០ដើម​សម្រាប់​អបអរក្នុងឱកាសឆ្លងឆ្នាំសកល២០១៨-២០១៩ផងដែរ៕

ដោយ ប្រាក់ លាង