អនុប្រធានទី១ រដ្ឋសភាកំពុងដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧

AKP  ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩​ — ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំ​លើកទី២៧ នៃវេទិការសភាអាស៊ីប៉ាស៊ីហ្វិក(APPF) បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការ ត្រៀម រៀបចំ និងចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ នៃវេទិការសភាអាស៊ីប៉ាស៊ីហ្វិក ដែលធ្វើនៅក្នុង ប្រទេសកម្ពុជា។កិច្ចប្រជុំប្រចាំលើកទី២៧ នៃវេទិការសភាអាស៊ីប៉ាស៊ីហ្វិកនេះ គឺ ​រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។ ទន្ទឹមនេះ កិច្ចប្រជុំ​ក្រោមមូលបទស្តីពី “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព” (Strengthening Parliamentary Partnership for Peace, Security and Sustainable Development)។ក្នុងពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង ៩:០០នាទី ដោយមានព្រះរាជសារស្វា​​​គមន៍​របស់ ព្រះករុណា ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ជូនដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនោះដែរក៏មានវត្ដមានរបស់​ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរក​ថាគន្លឹះបើកវេទិកាសភា ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹ​ទ្ធ​សភា និងបណ្តាប្រទេសសមាជិក​វេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិកចំនួន២៧ប្រទេស នឹងចូល​រួម ព្រមទាំងវត្តមាននៃគណៈ​​ប្រ​តិភូ​ភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍ផងដែរ​។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parlia​mentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បី ជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ ជាមួយគ្នានេះដែរ សភា​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាល​ពី​ឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។  សូមជម្រាបថា កិច្ចប្រជុំ(APPF) មានតំណាងគណៈប្រតិភូមកពីបណ្តាប្រទេសចំនួន​២១ នឹងចូលរួមកិច្ចប្រជុំ៕

ដោយ ប៊ុនរិទ្ធ