ប្រទេសចំនួន ២២ នឹងអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួល រៀបចំជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅខេត្តសៀមរាប។កិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ៖ «ពង្រឹ​ងភាពជាដៃគូសភា ដើម្បី​សន្តិភាព សន្តិសុខ និងការអភិ​វឌ្ឍប្រកបដោយចីរភាព» ដោយមានសភានៃប្រទេសចំនួន ២២ មកពីអូស្ត្រាលី សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី មីក្រូណេស៊ី ហ្វ៊ីជី នូវែលសេឡង់ ម៉ុងហ្គោលី ម៉ិកស៊ិក ជប៉ុន សាធារណរដ្ឋកូរ៉េ កាណាដា ឈីលី ប៉ាពូញូហ្គីនៀ ហ្វីលីពីន សិង្ហបុរី ចិន ថៃឡង់ដ៍ ព្រុយណេ វៀតណាម ឡាវ រួមនឹងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។

សម្រាប់ដំណើរឆ្ពោះទៅការរៀបចំវេទិកាអន្តរជាតិនេះឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថា សភាកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិ សម្រាប់កិច្ចប្រជុំនេះរួចរាល់ហើយ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា នៃបណ្តាប្រទេសជាសមាជិក​ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ២២ប្រទេស សរុបជាង ២៣៩រូប/ស្រី៨៩រូប អញ្ជើញមកចូលរួម។នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ការត្រៀមរៀបចំ និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានរម្លឹកដល់គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាដើម្បីធានារៀបចំឱ្យកិច្ចប្រជុំ ជាអន្តរជាតិមួយនេះ ទទួលបានជោគ​ជ័យ ក្នុងនាមសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមបណ្ឌិត ងួល ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថា នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំនេះនឹងមកដល់ ខណៈដែលគណៈកម្មការរៀបចំ បានលើកឡើងថា បានត្រៀមរួចរាល់សម្រាប់បម្រើ ឱ្យកិច្ចប្រជុំនេះសម្រច ១០០ភាគរយ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)  ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំប្តូរវេនបន្ទាប់ពី ប្រទេសវៀតណាម។ តាមឯកសារយោងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ ដោយឡែករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញ សិទ្ធិនៃវេទិកាសភានេះកាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្នវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកមានសមាជិក ពេញសិទ្ធិចំនួន ២៧ប្រទេស៕

ដោយ ប៉ាល់ សុង