សមិទ្ធផលលេចធ្លោក្នុងរយៈពេល២ឆ្នាំចុងក្រោយ នៃរដ្ឋបាលរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ​ឆ្នាំ២០១៩ -ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន​មួយកម្រិតថែមទៀតពិសេសវិស័យសាធារណការ លើការស្ដារហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាឱ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានច្រកចេញ-ចូលតែមួយ ដែលការងារទាំងនេះគឺពិតជាទទួលបាននូវការកោតសរសើរ និងគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ។

ឯកឧត្ដម ឃួង ស្រេង បន្ទាប់ពីបានកាន់តំណែងជាអភិបាលរាជធានីអណត្តិទី៣មក ឯក ឧត្តមបានដាក់បទបញ្ជាដល់សមត្ថកិច្ចប៉ូលីស កងរាជអាវុធហត្ថនិងអាជ្ញារធគ្រប់ខណ្ឌឱ្យបង្កើនការយកចិត្តទុកដាក់សំខាន់បំផុតចំពោះបញ្ហាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធការងារខាងលើនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ រយៈពេល២ឆ្នាំចុងក្រោយនេះ បានដឹកនាំ កសាងនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមបន្តការស្ថាបនាមហាវិថីឈ្នះ ឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦A ប្រវែងជាង២៤គីឡូម៉ែត្រ បានបញ្ចប់ ជាមួយនឹងការដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជូនប្រជាពល រដ្ឋ ដែលធ្វើដំណើរតាមដងមហាវិថីនេះ ។ មានការសាងសង់ស្ពានបេតុងឆ្លងទន្លេសាប ដោយបានស្ថាបនារួចរាល់ ស្ពានបាឡេឆ្លងកាត់ទន្លេសាប នៅមុខឃ្លាំងប្រេងសាំងសូគីម៉ិច ក្នុងខណ្ឌប្ញស្សីកែវ។ ការបើកការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ។ ស្ថាបនាផ្លូវប្រទះឡាង ខណ្ឌដង្កោ ផ្លូវមេពីព្រៃស ទៅទួលពង្រ។ ក្នងនោះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានដឹកនាំកសាងនូវស្ថានីយបូមទឹកជាច្រើនកន្លែង ដូចជាស្ថានីយបុរី១០០ខ្នង ស្ថានីយលូ៥ ដែលស្ថានីយទាំង២កន្លែងនេះស្ថាបនាបានប្រមាណ៨០ភាគរយហើយ ។ ចូលរួមបន្តកសាងស្ថានីយបូមទឹកបឹងទំពុន ដែលបានបន្ថែមម៉ូទ័រ២គ្រឿង  ការងារស្ថាបនាបង្ហើយស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយបូមទឹកទួលគោកទី២ ដែលស្ថានីយទាំងអស់នេះមានសមត្ថភាពបូមទឹកខ្លាំងជាងមុនច្រើនដង រហូតទៅដល់ ៥ម៉ែត្រគុប ក្នុងមួយវិនាទី ស្មើនឹង ២៨.៨០០ម៉ែត្រគុប ក្នុង១ម៉ោង ដើម្បីរំដោះនិងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្ដថា ក្នុងនោះមានការដឹកនាំការស្ថាបនាផ្លូវខ្សែក្រវាត់ក្រុងទី២ ដែលបាននិងកំពុងស្ថាបនា ។ បន្តចូលរួមកសាងស្ពានអាកាសផ្សារដីហុយដែលបានដាក់ដំណើរការឱ្យប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃនេះ ។ ជាមួយនោះឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបន្តការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។ ការកសាងរង្វង់មូលស្រីបីគួរស្រូវត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ ផ្លូវលេខ២០A និងផ្លូវជើងឯកព្រែកជ្រៃ នៅខណ្ឌដង្កោជាប់នឹងព្រំប្រទល់ខេត្តកណ្តាល។ មានការស្ថាបនាផ្លូវព្រែកថ្លឹង ចាប់ពីផ្លូវ ៦០ម៉ែត្រទៅដល់ផ្លូវជាតិលេខ២ ។

ក្នុងអាណត្តិរបស់ឯកឧត្ដម ឃួង ស្រេង បានដឹកនាំការកសាង និងប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីទឹកស្អុយ និងសំរាមភក់ជ្រាំឱ្យទៅជាប្រឡាយបេតុងអាមេ មានផ្លូវដើរអមមាត់ប្រឡាយហើយឱ្យបងប្អូនធ្លាប់រស់នៅលើប្រឡាយមានសិទ្ធិសាងសង់ផ្ទះរស់នៅសមរម្យ ដែលបាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដោយប្រឡាយនេះមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ លើបណ្តោយប្រឡាយប្រវែង ១.៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ។ គម្រោងនេះបានបែងចែកជា៤ដំណាក់កាល  ក្នុងនោះដំណាក់កាលទី១ មានប្រវែង ៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង ៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយ កាលពីប៉ុន្មានខែមុននេះ ហើយប្រជាពលរដ្ឋដែលរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅនឹងកន្លែងផងដែរ ។

ជាមួយគ្នានោះលោក សាំ ពិសិដ្ឋ បានបន្តថា ចំពោះការស្ថាបនាផ្លូវនិងស្ពានឡុងឈិនភ្ជាប់ទៅផ្លូវលេខ ១៥១ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នៅក្នុងអាណត្តិដឹកនាំដោយ ឯកឧត្ដម

ឃួង ស្រេង បានធ្វើការពង្រីកផ្លូវសហព័ន្ធរុស៊្សី ដែលមកដល់ពេលនេះសម្រេចបាន ៩០ភាគរយហើយ។ ការងារដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិក្តីតាកុយរហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ព្រំប្រទល់ខេត្តកណ្តាល និងផ្លូវនៅក្នុងក្រុងជាច្រើនខ្សែទៀតផង ដូចជា ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅរហូតជិតដល់ផ្លូវទួលពង្រ ។ រួមជាមួយនឹងការដាក់ភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ដែលជាជំនួយរបស់អង្គការចៃកា(JICA)ប្រទេសជប៉ុន។

ដោយឡែកសម្រាប់ការបម្រើសេវាជូនប្រជាពលរដ្ឋវិញនៅរាជធានីភ្នំពេញ ពិតជាទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដូចជាការផ្តល់សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន និងសំបុត្រកំណើតជាដើម ។ អ្វីដែលទទួលបានចំណាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតឱ្យមានច្រកចេញ-ចូលតែមួយ ដែលបានបម្រើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ។

ពាក់ព័ន្ធនឹងការផ្តល់សេវាដូនប្រជាពលរដ្ឋនេះដែរដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញ ចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីផ្តល់ជូនបងប្អូននូវការប្រើប្រាស់ភ្លើងអគ្គិសនីក្នុងតម្លៃសមរម្យ ខណៈដែលកន្លងមកនេះបងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតម្លៃ ១.២០០រៀល ទៅ ១.៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។  អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គិសនីកម្ពុជា បានរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតម្លៃក្នុងប្រភេទពាណិជ្ជកម្មខ្នាតតូច ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីខែមករា ឆ្នាំ២០១៩ នេះតទៅ។

ជាងនេះទៅទៀត នាពេលថ្មីៗកន្លងមកនេះ ឯកឧត្កម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់ខណ្ឌ គ្រប់មន្ទីរ ស្ថាប័នមួយចំនួនទៀត ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងាររបស់ខ្លួនឱ្យបានខ្លាំងឡើងថែមទៀត ពិសេសលើការរៀបចំតាំងពិព័រណ៍ បង្ហាញសមិទ្ធផលគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រាជធានីភ្នំបេញក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការរៀបចំទិវាបុណ្យជាតិ ៧មករាខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ – ៧ មករា ២០១៩ ខាងមុខនេះ ៕

ដោយសួស សំរិត