ក្រសួងយុត្តិធម៌បានផ្តល់សៀវភៅច្បាប់ដល់ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ នៅក្នុងពិព័រណ៍៣ថ្ងៃ នៅវិមាន ឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩​ — លោក ទិត សារឿន អគ្គលេខាធិការរង នៃអគ្គលេ​ខាធិការដ្ឋានក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃការតាំងពិព័រណ៍សម្រាប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការវិមាន ឈ្នះ ឈ្នះ នោះគឺមានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រមាណជាង១ម៉ឺននាក់ បានចូលមក​យក​សៀវភៅច្បាប់ ដែ​លផ្សព្វផ្សាយចែកជូនដោយក្រសួងយុត្តិធម៌។ លោកបានបញ្ជាក់ឱ្យដឹង​កាលពីថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៨នេះថា នេះជាលើកទី១ហើយ ដែលក្រសួងយុត្តិធម៌មានការ​ផ្តល់នូវសៀវភៅច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ខណៈ​កន្លងមកធ្លាប់បានផ្តល់ជូន និងផ្សព្វផ្សាយចែកឱ្យបានត្រឹមតែមន្ត្រី អ្នក​អនុវត្តន៍ច្បាប់ និងនិស្សិតមួយចំនួនប៉ុណ្ណោះ។លោកបន្តថា ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និងមន្ត្រី​រាជការគ្រប់ស្រទាប់វណ្ណៈ ដែលបានចូលមកយកសៀវភៅច្បាប់ នៅបញ្ជរស្តង់​ពិព័រណ៍​ក្រសួងយុត្តិធម៌ គឺក្រសួងបានចែកជូនដោយមិនគិតថ្លៃ ដើម្បីអបអរពិធីសម្ពោធវិមាន​អនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំង​ស្រុង ដែលរាជរដ្ឋាភិបាលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៩ ដល់៣១ ខែធ្នូ ឆ្នាំ២០១៨។
លោក កែ ធឿន ប្រជាពលរដ្ឋមានស្រុកកំណើតនៅខេត្តព្រៃវែង បានសុខចិត្តឈរ​ជាជួរក្នុងចំណោមមនុស្សជាច្រើននាក់ ដើម្បីរង់ចាំទទួលបានសៀវភៅច្បាប់នានា ដែលចែក​ជូនដោ​យឥតគិតថ្លៃពីក្រសួងយុត្តិធម៌ នាថ្ងៃចុងក្រោយ នៃពិធីអបអរទិវាខួប២០ឆ្នាំ នៃនយោ​បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ចំណែកព្រះតេជគុណ ឃាងលី ចាន់ថេង គង់នៅវត្តព្រះពុទ្ធមានបុណ្យ ក្នុងរាជធានីភ្នំពេញ មានពុទ្ធដីកាថា សៀវភៅច្បាប់គោលរបស់​កម្ពុជានេះគឺមានក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី នីតិវិធី និងការប្រព្រឹត្តទៅរបស់​តុលាការ គឺជាប្រភពផ្តល់នូវពុទ្ធិមួយដ៏សំខាន់នៅក្នុងវិស័យយុត្តិធម៌ និងតុលាការ។

ចំណែកកញ្ញា ស្រី ណាក់ និស្សិតឆ្នាំទី១ ដែលកំពុងសិក្សានៅក្នុងរាជធានីភ្នំពេញបាន​ឱ្យដឹងដែរថា សៀវភៅច្បាប់ទាំងនេះសុទ្ធតែជាសៀវភៅដ៏មានសារៈសំខាន់ សម្រាប់ជាប្រភព​សិក្សាស្រាវជ្រាវរបស់សិស្ស និស្សិតគ្រប់រូប៕

ដោយ ប៉ាល់ សុង