មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិកីឡាប្រដាល់សកល នឹងជួយបន្ថែមដល់ការអភិវឌ្ឍ កាន់តែរឹងមាំឆ្ពោះទៅស៊ីហ្គេម ២០២៣

AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ — វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិប្រចាំ​ឆ្នាំ​២០១៨កីឡាប្រដាល់​សកលបាន​បញ្ចប់ចុងសប្តាហ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយ​ប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជា លោកសាស្រ្តាចារ្យ ឆឹង យ៉ៅយ៉េន វាយវាយតម្លៃខ្ពស់ ចំពោះ​ការខិតខំអស់ពីចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីជាសិក្ខាកាម ក្នុងការរួមចំណែក​អភិវឌ្ឍវស័យកីឡា ជំនាញមួយនេះឈានទៅវឌ្ឍនភាពកាន់តែល្អប្រសើរបន្ថែមទៀត នាថ្ងៃ​អនាគត។  លោកសាស្ដ្រាចារ្យ ឆឹង យ៉ៅយ៉េន ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាព ស្របតាមស្ដង់ដារ​របស់ AIBA ដើម្បីធានាបាននូវ ការអភិវឌ្ឍលើវិស័យកីឡាប្រដាល់សកល​កម្ពុជាឱ្យកាន់តែរឹង​មាំបន្ថែមទៀត។ លោកបន្តថា រៀបចំវគ្គបណ្ដុះបណ្ដាលបែបនេះ គឺដើម្បីពង្រឹងគុណភាពធន​ធានមន្ដ្រីបច្ចេកទេស ក៏ដូចជាធនធានកីឡាករ-កីឡាការិនី ក្នុងគោលដៅបាញ់ឆ្ពោះទៅទទួល​ធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខផងដែរ។ ប្រធាន សហព័ន្ធរូបនេះ​បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ល្អ បន្ទាប់ពីសិក្សាស្វែងយល់ជាមួយគ្រូឧទ្ទេស​ជនជាតិ​ថៃ គឺលោក Champahom Chattuchai ជាគ្រូកម្រិតផ្កាយ២របស់សមាគមកីឡាប្រដាល់​សកលអន្តរជាតិ (AIBA)។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធប្រដាល់សកលកម្ពុជាបានឱ្យដឹងថា វគ្គនេះ មានសិក្ខា កាមចំនួន៤០នាក់ ក្នុងនោះមាននារី២នាក់បានចូលរួម ដោយសិក្ខាកាមទាំង​អស់​បានសិក្សាលម្អិតពីបទបញ្ជាបច្ចេកទេសលើការប្រកួតជាលក្ខណៈអន្តរជាតិរបស់ AIBA។ ការ​បង្ហាញពីការរៀបចំសង្វៀន និងតួនាទីរបស់មន្ត្រីបច្ចេកទេសក្នុងសង្រៀនប្រកួតនីតិវិធី និង​ដំណើរការនៃការវិនិច្ឆ័យ និងផ្ដល់ពិន្ទុរបស់អាជ្ញាកណ្ដាល-ចៅ ក្រម ក៏ដូចជាបទបង្ហាញពី​តួនាទី-ភារកិច្ចរបស់អាជ្ញាកណ្ដាលក្នុងសង្វៀនទៀតផង។គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះគ្រូឧទ្ទេសធ្វើការអនុវត្តជាក់ស្ដែង ដើម្បីពិនិត្យ និងវាយតម្លៃ ចំពោះកម្រិតសមត្ថភាពរបស់អាជ្ញាកណ្ដាល-ចៅក្រម ពិសេសលោក Champahom Chattuchai បានកែសម្រួល នូវចំណុចខ្វះខាតមួយចំនួន ដែលធ្វើឱ្យ​សិក្ខាកាម​ចូលរួមមានការយល់ដឹងកាន់តែច្បាស់ពីតួនាទី-ភារកិច្ចរបស់ខ្លួន។ ជាលទ្ធផលមាន​សិក្ខាកាម​២នាក់ទទួលបាននិទ្ទេសល្អណាស់, ១៣នាក់ និទ្ទេសល្អ, ១៤នាក់ និទ្ទេស មធ្យម និង៦នាក់ ផ្សេងទៀតទទួលបាននិទ្ទេសខ្សោយ៕

ដោយ ហេង ណាលីន