ប្រមុខដឹកនាំកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ — នៅឯនៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលមាទីតាំងស្ថិតនៅក្នុងសង្គាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រី ថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញចូលរួមរបស់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាលរដ្ឋយ៉ាងច្រើនកុះករ។


សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង ស្វាគមន៍បើកកម្មវិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ដោយបានរំលេចពីគុណសម្បត្តិនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្លងផុតពីភ្លើងសង្គ្រាមវិនាសកម្មមកជាទឹកដីមួយ ដែលមានសុខសន្តិភាពពេញលេញ បានផ្តល់ឱកាសឱ្យមានកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើឡើង នៅវិមាន អនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។ សម្ដេចតេជោបានបន្ដថា ពិតណាស់សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំពិធីបុណ្យរម្លឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យក្នុងរយៈពេល២០ កន្លងមកនេះ។

សម្ដេចតេជោបានលើកឡើងថា កម្ពុជាទទួលបាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែលបានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅឆ្នាំ២០៣០ ខាងមុខ នឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ទន្ទឹមនេះ កម្ពុជាក៏នឹងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងរាត្រីនៃពិធីឆ្លងឆ្នាំសកលនេះផងដែរ ក៏មានកម្មវិធីសំខាន់ៗជាច្រើនដូចជា ការទទួលទានអាហារសាមគ្គី ការបង្ហាញឈុតឆាកសិល្បៈទាក់ទងទៅនឹងប្រវត្តិនៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មានចម្រៀង និងការសម្តែង របស់សិល្បករល្បីៗ។ ជាមួយគ្នានោះ នៅក្នុងបរិវេណ វិមាន ឈ្នះ ឈ្នះ នេះផងដែរ ក៏មានការតាំងបង្ហាញពីស្តង់ពិព័រណ៌ ទំនិញ ផលិតផល និងម្ហូបអាហារផ្សេងៗច្រើន ក្នុងនោះក៏មានការតាំងបង្ហាញនូវសមិទ្ធផលរីកចម្រើនក្នុងរយៈពេល២០ឆ្នាំ របស់ក្រសួងស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ក៏មានការបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មានក្នុងរយៈពេល១ម៉ោង ក្នុងបរិយាកាសរីករាយក្រៃលែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឱកាសឆ្នាំថ្មី ២០១៩ នេះ៕

ដោយ ជឹម ណារី