ត្រៀមបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកិច្ចប្រជុំត្រៀមរៀបចំដើម្បីអបអរសាទរបុណ្យខួបលើកទី៤០ ជ័យជម្នះ ៧មករា ១៩៧៩-២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់​ឆ្នាំង កាលពីថ្ងៃទី៩រោច ខែមិគ​សិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញ ចូល​រួមពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។  
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្ដាំផ្ញើដល់ប្រធានក្រុមតាមផែននីមួយៗត្រូវគ្រប់គ្រងកូនក្រុមឱ្យបានល្អ និងត្រួតពិនិត្យឡើងវិញនូវការហាត់សមដើម្បីត្រៀមរៀបចំទៅចូលរួមហែរក្បួនព្យុះយាត្រាប្រារព្ធពិធីបុណ្យជាតិលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០១៩ ខាងមុខនេះ។ ឯកឧត្តមបានលើកឡើងថា ការហ្វឹកហាត់សមដំណើរការល្អ មន្ត្រីរាជ​ការ កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព មានទំនាក់ទំនងល្អ ក្នុងការចូលរួមហែរក្បួនព្យុះយាត្រានៅថ្ងៃប្រារព្ធពិធីបុណ្យជាតិលើកទី៤០ នៃទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ១៩៧៩ ៧មករា២០១៩ ដំណើរការប្រព្រឹត្ដទៅដោយរលូនឱ្យទទួលបាន ជោគជ័យ។
ឯកឧត្តមអភិបាលខេត្ដបានរម្លឹកគុណបំណាច់ដែល ផ្តើមចេញពីជ័យជម្នះ៧មករា ប្រជាជន កម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរ៉ៃ រាប់ទស្សវត្សរ៍, ការបាក់បែកជាតិ, បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យធ្វើឱ្យ​ប្រជាជនមានជីវភាពធូរធា និងមានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំ ទៅ មួយឆ្នាំ ដែលធ្វើឱ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។
ឯកឧត្តមបានបន្ដទៀតថា ថៃ្ងជ័យជម្នះ ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែល​គណបក្ស​ប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាច​បដិសេធបានឡើយបើគ្មានរបបប្រល័យពូជសាសន៍ប៉ុល ពត ក៏គ្មានថៃ្ង៧មករា បើគ្មានថៃ្ង៧​មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។
ឯកឧត្តមបានប្តេជ្ញាចិត្តដោយបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវរួមសាគ្គីគ្នា ការ​ពារ​ឱ្យបានរឹងម៉ាំស្ថិតស្ថេរ និងរីកចម្រើនថែមទៀតនៅសមិទ្ធផល៧មករា ,ប្តេជ្ញាបន្តអនុវត្តន៍​បានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ, ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់​រាជរដ្ឋាភិបាល, ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ជានាយក​រដ្ឋ​មន្រ្តីគ្រប់អាណត្តិ ហើយមានសម្តេចតេជោ ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ សុខ​សន្តិភាព​និងអភិវឌ្ឍន៍សង្គម៕

ដោយ បៃ ស៊ីថុន