សម្ដេចតេជោនាយក្រដ្ឋមន្ត្រីថ្លែងថា មានថវិការបម្រុងមួយចំនួនទៀត​សម្រាប់ការសាង​សង់បញ្ចប់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍​ថា បើទោះបីជាមកដល់ពេលនេះ ការសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ មិនទាន់​បា​ន​​បញ្ចប់ ហើយបានចំ​ណា​យ​​ថវិកាប្រមាណ១២លានដុល្លារអាម៉េរិកក្ដី ក៍មានថវិកា​ប​ម្រុ​​ងស​ម្រា​​ប់ ការសាងសង់បន្ថែមទៀត ដោយសារពុំទាន់បញ្ចប់ ការសាងសង់១០០ភាគរយ។ ក្នុងខណៈអញ្ជើជាអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពីធីសម្ពោធ​វិមា​ន​​អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់​សង្គ្រាម​ស៊ី​វិ​ល​​​នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ នាព្រឹកថ្ងៃសៅរ៍ ៧​រោ​ច​ ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ នៅសង្កាត់ ព្រែ​​​​ក​តា​សេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ បានថ្លែងថា គិតរហូតមកដល់​ពេ​លនេះ មានការចំណាយថវិកា ប្រមាណ១២លានដុល្លារអាម៉េរិកហើយ ដែលបានចំណាយ ចំ​ពោះ​ការសាងសង់វិមាននេះ ដោយមិនរាប់បញ្ចូលពីតម្លៃដីនោះទេ ហើយភាគ​ច្រើននៃថវិកា​នេះ​​ គឺជារបស់សាលារាជធានីភ្នំពេញ និង​មានថវិកាបម្រុង សម្រាប់ការសាងសង់បន្ថែមទៀត ដោ​យសារពុំទាន់បញ្ចប់ ការសាងសង់១០០ភាគរយ។   សម្តេចតេជោបាន​បន្ត​ថា​ ពាក់ព័ន្ធ នឹង​ការជ្រើសរើសទីតាំង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែក​ខា​ង​ជើង​រាជធានីភ្នំពេញ ដើម្បីសាងសង់វិមានឈ្នះ ឈ្នះនេះ ព្រោះទីតាំងនេះ ជាកន្លែង​មួយដ៏សំ​ខា​ន់ ដែលនឹងក្លាយជាទីក្រុងរណប នាពេលអនាគត ហើយទីតាំងនេះ នឹងមានការរៀបចំការ​ប្រ​កួត​កីឡារស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខផងដែរ។ ជាងនេះទៀត វិមានអនុស្សាវរីយ៍​ឈ្នះ​ ឈ្នះ​នេះ នឹងក្លាយជាមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ ហើយនឹងបើកឱកាសឱ្យសិស្សានុសិស្ស យុវ​ជន និងប្រជាពលរដ្ឋទាំងអស់ មកសិក្សាឈ្វេងយល់។ សម្តេចតេជោបានបន្ថែមថា ផលនៃ​នយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិក​នេះ​ គឺ​ស​ម្រាប់ប្រជាជនគ្រប់ៗរូប ហើយសម្តេចតេជោក៏បានឧទ្ទិសផល នៃនយោបាយឈ្នះ ឈ្នះនេះ ជូន​ដល់​ប្រជាជននៅ​ទូទាំងប្រទេស​ បើទោះបីជាមាននិន្នាការ នយោបាយអ្វីក៏ដោយ។គួរបញ្ជាក់ដែរថា ​វិមាន​ឈ្នះ​ឈ្នះ​នេះ​បាន​សាងសង់​កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០១៦​ ​នៅលើ​ផ្ទៃដី​​៨​ហិកតា​ ស្ថិតក្នុង​​សង្កាត់​ព្រែកតាសេក ​ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។ ចំពោះការ​ស្ថា​ប​​នា វិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់ចំនួន ៥ រួមមាន ទី​១​- រម្លឹកសារៈសំខាន់​នៃ​​ស​ន្តិ​ភា​​ព​ សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព​តាម​គោ​លនយោបាយ ឈ្នះ ឈ្នះ និង​ការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃ​សង្គ​ម​ក​​ម្ពុជា តាមរយៈ​សាសនា​ស​ម័​យ​​​កាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ ទី២- គោរព និងចារឹកទុក​អំពី​​ការលះ​បង់ការដឹកនាំ និង​ភា​​ព​ច្នៃប្រឌិតរបស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាន នាំមកនូវ​ការផ្សះ​ផ្សា​​ជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែល​នាំ​មកនូវ​វិបុលភាព និងសន្តិ​ភា​​ព​ដល់ប្រទេសកម្ពុជា។ ទី៣- បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់​នូវ​ការ​រៀនសូត្រ​ដល់ប្រជា​ជ​ន​​គ្រប់ជំនាន់ទាំងអស់  ឱ្យបន្តការសិក្សានិងទទួលការយល់ដឹង​ពី​ប្រ​​​វត្តិសាស្ត្រពិតរបស់​ប្រទេ​ស​​កម្ពុជា និងបន្តអនុវត្តន៍គោលនយោបាយឈ្នះ ឈ្នះរបស់តេ​ជោ​សែ​ន និងគុណតម្លៃក្នុង​ការ​ធ្វើ​ស​​មាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍​ប្រ​ទេ​ស​នាពេលអនាគត។ ទី៤- ប​ង្ហា​ញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនា​បទ​សិល្បៈ និមិត្តរូប និមិ​ត្ត​ស​ញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យ​ប្រ​ជា​ជន​គ្រប់​ជំនាន់​បានឈ្វេង​យ​ល់​។ ​ទី​៥- បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែល មា​ន​​លក្ខណៈជាទេស​ចរ​ណ៍​ប្រវ​ត្តិ​សាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅសម្រាប់ទស្សនកិច្ច​សិក្សា ស្រាវ​ជ្រាវ​នានា។ ជាការពិតណាស់​ថា​ ជាច្រើនជំនាន់មកហើយដែលប្រទេសកម្ពុជា តែងតែ​មានការបែក​បាក់​ទៅជាតំបន់ត្រួត​ត្រា​ពីរ​ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញ​ដូចពេល​បច្ចុ​ប្ប​​ន្ន​នេះទេ ប៉ុន្តែក្នុងរយៈ​ពេល​២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកប ដោយ​គតិបណ្ឌិ​ត​រប​ស់សម្ដេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ​នូវ​នយោ​បាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាទទួល​បាននូវសុខសន្តិភាព​ពេ​ញ​​លេញ ដែលជាកត្តា​ចម្ប​ងសម្រាប់ជំរុញការអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ និងការ​ធ្វើ​ស​មាហរណកម្មកម្ពុ​ជា​ទៅ​ក្នុងកិច្ចការតំបន់ និងអន្តរជាតិ៕

ដោយ ជឹម ណារី ​