អាជ្ញាធរខេត្តព្រះសីហនុ បើកព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុ បានបើកសម្ពោធព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨-២០១៩ នៅឆ្នេរ​ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល​ខេត្តព្រះ​សីហនុ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន។  ពិធីនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃសុក្រ ៦រោជ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

 ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ការបើកព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០១៨- ២០១៩នេះជាព្រឹត្តិការណ៍លើកទី៧ ដែលរដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជ​បង្កើត​ព្រឹត្តិការណ៍សប្បាយរីករាយបម្រើអារម្មណ៍កម្សាន្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ឯកឧត្តមបានបញ្ជាក់ថា​ ព្រឹត្តិ​ការណ៍ទេសចរសប្បាយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និង បង្ហាញភាពជាដៃគូក្នុងការចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រ ជា ឆ្នេរ មានសក្តានុពលក្នុងចំណោមឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រសិទ្ធ​នាមថា ឆ្នេរសមុទ្រកម្ពុជា “តារារះនាទិសនិរតី” ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាល​កំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យ​មាន​ភាពរីកចម្រើន។ ទន្ទឹមនេះ អាជ្ញាធរខេត្ដ នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឈ្លាសវៃរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនយោបាយឈ្នះ​ឈ្នះរបស់សម្តេច យ៉ាងពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្ដបានបន្តថា រយៈពេល ២ឆ្នាំចុង​ក្រោយ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុកលើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ កំពុងមានការសាងសង់នូវអគារធំៗយ៉ាងព្រោងព្រាត ដែលមានអ្នកវិនិយោគគិនខ្មែរ និង​បរទេស​មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ចូលរួមសម្អាតអនាម័យ បរិស្ថាននៅតាមលំនៅឋានរៀងៗខ្លួន ក៏ដូចជានៅតាមទីធ្លា​សាធារណៈ គោរពច្បាប់ចរាចរណ៍ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទទួលបាន ផលល្អ សមស្របតាមការប្រឹងប្រែងរបស់យើងទាំងអស់គ្នា  ។ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកឡើងថា ការបើកការតាំងពិព័រណ៍បុណ្យឆ្លងឆ្នាំសកល២០១៨-២០១៩ នៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ មានស្តង់ពិពណ៍២៥០ ដើម្បីអបអរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ។ លោកឧកញ៉ាបានបន្ដថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨ មានសំណង់​អគារ​ធំៗ​ជាច្រើនបានកើតឡើងយ៉ាងគំហុក ហើយរាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យខេត្តព្រះ សីហនុ មានទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ មានដូចជា ចិន កូរ៉េ និងបណ្តាប្រទេស​មួយចំនួនទៀត ដើម្បីបង្កើនការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ចសង្គម និងកំណើនការងារ ជីវភាពជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ៕

ដោយ ងូ សុមុនី